សេចក្តីបំភ្លឺ របស់ស្នងការដ្ឋាននគរបាលខេត្តកំពត ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៏នៅស្រុកទឹកឈូ!

សេចក្តីបំភ្លឺព័ត៌មាន ស្នងការដ្ឋាននគរបាលខេត្តកំពត សូមបំភ្លឺជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ កាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២២ FK News Media បានធ្វើការចុះផ្សាយ មានចំណងជើងថា « ហួសចិត្ត! សង្ស័យអាងខ្សែ បានជាម្ចាស់រថយន្តដឹកដី ដែលបើកបំពានច្បាប់បុកគេស្លាប់ម្នាក់ និងរបួសធ្ងន់ពីរនាក់ បោះលុយត្រឹម ៥.០០០$ សងគ្រួសារជនរងគ្រោះបញ្ចប់រឿង » ។
ជុំវិញករណីខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តកំពត សូមបំភ្លឺជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ៖ កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២២ វេលាម៉ោង ១៦ និង ៣០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រលេខ ១៤៣-១៤៤ រវាងរថយន្តតូចនិងរថយន្តបែនដឹកដី ដែលមានទិសដៅផ្ទុយគ្នាស្ថិតនៅក្នុងភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។ក្រោយពេលទទួលបានព័ត៌មាន អំពីករណីគ្រោះថ្នាក់ចរាចរណ៍ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកទឹកឈូ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការវាស់វែង ហើយជួយសង្គ្រោះអ្នករងរបួស និងរៀបចំសណ្តាប់ធ្នាប់នៅកន្លែងកើតហេតុ រីឯអ្នកបើកបររថយន្តបង្ក(រត់គេចខ្លួន) មុនពេលសមត្ថកិច្ចទៅដល់ ។
គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះ បានបណ្តាលឲ្យអ្នកបើករថយន្តរងគ្រោះឈ្មោះ ខៃ មុនីរតនៈ ភេទប្រុស អាយុ ៣០ ឆ្នាំ ជាអ្នកសារព័ត៌មាន (រងរបួសធ្ងន់) និងមានអ្នករួមដំណើរចំនួន ០២នាក់៖ ១-ឈ្មោះ សាយ សួគ៌ា ភេទប្រុស អាយុ ៥៦ ឆ្នាំ ជានគរបាលចូលនិវត្តន៍ (រងរបួសធ្ងន់) ២-ឈ្មោះ ឈាង ផល្លា ភេទស្រី អាយុ ៥៥ ឆ្នាំ (រងរបួសធ្ងន់ បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត)។
ឆ្លងតាមការស្រាវជ្រាវរកសាវតាអ្នកបើកបរបង្កគឺមានឈ្មោះ អ័ង ភី ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ហើយសមត្ថកិច្ចយើងបានស្វែងរកឃាត់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ប៉ុន្តែជននោះបានគេចខ្លួនចេញពីមូលដ្ឋានបាត់ ។
ក្រោយពេលកើតហេតុអធិការនគរបាលស្រុកទឹកឈូ បានកោះអញ្ជើញភាគីទាំងសងខាង មកធ្វើការសម្របសម្រួលដោះស្រាយចំនួន ០២លើក ដែលជាម្ចាស់រថយន្តបង្កគឺមានឈ្មោះ ចេង សុវណ្ណ (ភាគីបង្ក) ភេទប្រុស អាយុ ២៦ឆ្នាំ និងភាគីរងគ្រោះមានឈ្មោះ ខៃ មុនីរតនៈ (មុខរបរជាអ្នកសារព័ត៌មាន) លើកទី១៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ និងលើកទី២ ៖ នៅថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២២ ប៉ុន្តែការសម្របសម្រួលមិនទទួលបានលទ្ធផល ។ បន្ទាប់មកកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកទឹកឈូ បានកសាងសំណុំរឿងនិងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តនីតិវិធីបន្ត។
នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២២ ស្នងការដ្ឋាននគរបាលខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅ ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ដើម្បីបន្តចាត់ការតាមនីតិវិធី។
ជាថ្មីម្តងទៀតស្នងការដ្ឋាននគរបាលខេត្តកំពត សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារនៃសព ចំពោះគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ និងសូមធ្វើការបដិសេធទាំងស្រុងដែលភាគីជនរងគ្រោះបានលើកឡើងថា សមត្ថកិច្ចមិនអើពើដើម្បីដោះស្រាយជូនពួកគាត់ តាមការពិតសមត្ថកិច្ចបានយកចិត្តទុកដាក់ ខិតខំស្វែងរកជនបង្ក ដើម្បីដោះស្រាយជូនពួកគាត់ស្របតាមនីតិវិធីជំនាញ ក្នុងនាមជាមន្ត្រីមានសមត្ថកិច្ច។
អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកលេងបណ្ដាញទំនាក់ទំនងសង្គម មេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close