វីវរហើយ!  ទោះបីជាម្ចាស់រោងចក្រផលិតក្រដាស ព្រមបង់ថ្លៃផាកពិន័យ ចំនួន៦០លានរៀល ឲ្យទៅមន្ទីរ បរិស្ថានខេត្តកណ្ដាល ប៉ុន្តែប្រជាពលរដ្ឋ រងគ្រោះរាប់ឆ្នាំ ទាមទារសំណងខ្ទង់៦០ម៉ឺនដុល្លារ សហរដ្ឋ អាមេរិកពីថៅកែងរោងចក្របន្ថែមទៀត ឯណោះ!

ខេត្តកណ្តាល ៖ នៅទីបំផុត! មន្ទីរបរិស្ថានខេត្តកណ្តាលចេញលិខិតលេខ:០៣៩បស្ថ.កណ ចុះថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ ២០២២ប្រាប់ទៅលោកប្រធានរោងចក្រ កំពង់ កន្ទួត មេនូហ្វកធឺរីង (ខេមបូឌា) ខូ អិលធីឌីស្ដីពីករណីបញ្ហាកែប្រែវិធានការគ្រប់គ្រងការបំពុលបរិស្ថាន និងពិន័យអន្តរការណ៍និងបានពិន័យអន្តរកាណ៍ចំនួន ៦០.០០០.០០០ (ហុកសិបលាន)រៀលពីបទមិនអនុវត្តតាមវិធានការ ដូចមានចែងក្នុងលិខិតលេខ០២១ សជណ.បស្ថ.កណ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ របស់មន្ទីរបរិស្ថានខេត្តកណ្តាល ស្តីពីករណីបញ្ហាកែប្រែវិធានការគ្រប់គ្រងការបំពុលបរិស្ថាន និងពិន័យអន្តរការណ៍។ នេះបើយោងតាមលិខិតរបស់មន្ទីរបរិស្ថានខេត្តកណ្ដាលដែលអង្គភាពព័ត៌មានយើង ទើបទទួលបាននៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះ។

នៅក្នុងលិខិតនោះ លោក ពៅ សោមណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលបានឲ្យដឹងថា រោងចក្រកំពង់កន្ទួត មេនូហ្វេកធីវីង (ខេមបូឌា) ខូ អិលធីឌី មានទីតាំងស្ថិតនៅភូមិត្បូងក្ដី ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មិនមានឆន្ទៈក្នុងការអនុវត្តបានតាមខ្លឹមសារលិខិតលេខ ០២១ សជណ.បស្ថ.កណ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ របស់មន្ទីរបរិស្ថានខេត្តកណ្តាល ស្តីពីករណីបញ្ហាកែប្រែវិធានការគ្រប់គ្រងការបំពុលបរិស្ថាន និងពិន័យអន្តរការណ៍។ មិនតែប៉ុណ្ណោះរោងចក្របានល្មើសដោយបានបើកដំណើរការផលិតកម្មឡើងវិញ ផ្ទុយនឹងខ្លឹមសារ នៃលិខិតលេខ៣៤២ ស.ជ.ណ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលស្រុកកណ្តាលស្ទឹង ស្ដីពីការផ្អាកជាបណ្តោះអាសន្នសកម្មភាពអាជីវកម្ម ផលិតក្រដាស របស់រោងចក្រ កំពង់កន្ទួត មេនូហ្វេកធីវីង (ខេមបូឌា) ខូ អិលធី។

លោក ពៅ សោមណាក់ បានបញ្ជាក់ឲ្យដឹងថា ដូចនេះដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន និងជំរុញការអនុវត្តច្បាប់ពាក់ព័ន្ធកិច្ចគាំពារបរិស្ថាន មន្ទីរបរិស្ថានខេត្តកណ្តាល សម្រេចដាក់ចេញនូវវិធានការចំពោះរោងចក្រដូចខាងក្រោម៖

ទី១-ត្រូវអនុវត្ត នូវរាល់វិធានការដូចមានចែងក្នុងលិខិតលេខ ០២១ សជណ.បស្ថ.កណ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ របស់មន្ទីរបរិស្ថានខេត្តកណ្តាល ស្ដីពីករណីបញ្ហាកែប្រែវិធានការ គ្រប់គ្រងការបំពុលបរិស្ថាន និងពិន័យអន្តរការណ៍ ឱ្យមានប្រសិទ្ធភាព។

ទី២-ត្រូវផ្អាកសកម្មភាពផលិតជាបណ្តោះអាសន្ន តាមលិខិតលេខ ៣៤២ ស.ជ.ណ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលស្រុកកណ្តាលស្ទឹង ស្តីពីការផ្អាកជាបណ្ដោះអាសន្នសកម្មភាពអាជីវកម្ម ផលិតក្រដាស របស់រោងចក្រ កំពង់កន្ទួត មេនូហ្វេកធឺរីង (ខេមបូឌា) ខូ អិលធី រហូតរោងចក បានអនុវត្តនូវរាល់វិធានការគ្រប់គ្រងបរិស្ថាន និងលិខិតបទដ្ឋានច្បាប់ពាក់ព័ន្ធ។

 

ទី៣-ពិន័យអន្តរកាណ៍ចំនួន ៦០.០០០.០០០ (ហុកសិបលាន)រៀល ពីបទ៖ -ករណីមិនអនុវត្តតាមវិធានការ ដូចមានចែងក្នុងលិខិតលេខ ០២១ សជណ.បស្ថ.កណ ចុះ (សាមសិបលាន)រៀល ។ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ របស់មន្ទីរបរិស្ថានខេត្តកណ្ដាល ចំនួន ៣០.០០០.០០០រៀល ករណីរោងចក្របានបើកដំណើការសកម្មភាពផលិត ល្មើសទៅនឹងខ្លឹមសារលិខិតលេខ ៣៤២ ស.ជ.ណ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលស្រុកកណ្តាលស្ទឹង ចំនួន ៣០.០០០.០០០រៀល ។

ម្ចាស់រោងចក្រត្រូវចូលខ្លួនបង់ប្រាក់ពិន័យអន្តរការណ៍ទាំង២ករណីខាងលើនៅមន្ទីរបរិស្ថាន ខេត្តកណ្តាល ឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ជាកំហិត ។

ទី៤-ករណីម្ចាស់រោងចក្រពុំអនុវត្តតាមចំណុចវិធានការខាងលើ មន្ទីរបរិស្ថានខេត្តកណ្តាល នឹងចាត់វិធាន ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។

ប៉ុន្តែបើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរងគ្រោះបានឲ្យបណ្ដាញព័ត៌មានយើងដឹងថា បើទោះបីជាថៅកែរោងចក្រផលិតក្រដាស ខាងលើ ព្រមចូលខ្លួនបង់ថ្លៃផាកពិន័យជូនរដ្ឋ រួចហើយក៏ដោយ ប៉ុន្តែជុំវិញសំណងថ្លៃខួចខាតរបស់ពួកគាត់ ដែលបានរងនូវផលប៉ះពាល់លើដីកម្មសិទ្ធិឯកពួកគាត់ ខកខាន ខូចខាតពេលវេលាមិនអាចធ្វើស្រែចំការជិត៧ឆ្នាំមកហើយ ជាពិសេសដើមស្វាយរាប់រយដើម ដើមឈើទាំងធំទាំងតូចត្រូវបានងាប់ស្ទើរទាំងស្រុង សូម្បីតែខ្ចៅ ខ្យង ក្ដាម ត្រីក្នុងស្រះក៏ងាប់ចង់អស់ដែរ។

តាមប្រភពព័ត៌មានដដែលបានបន្តឱ្យដឹងថា ពួកគាត់បានទាមទារសំណងថ្លៃខូចចខាតខាងលើប្រហែលជាចន្លោះ៥០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ទៅ៦០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ឯណោះ។

បើយោងតាមប្រភពព័ត៌មាន ពីព្រះសង្ឃគង់នៅ វត្តព្រៃរោង បានមាន ថេរដិកា ថាទឹកប្រឡាយដែលត្រូវបានរោងចក្រ កំពង់ កន្ទួត មេនូហ្វកធឺរីង (ខេមបូឌា) ខូ អិលធីឌីបង្ហូរដាក់នោះ សូម្បីប្រើប្រាស់ធម្មតាក៏ពុំកើត យកទៅស្រោចផ្កាក៏ងាប់ផ្កា យកស្រោចដំណាំក៏ងាប់ដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close