ស្នងការដ្ឋាននគរបាលខេត្តកំពត សូមបដិសេធនូវពាក្យចោទប្រកាន់ និងបានមើលងាយមកលើវិជ្ជាជីវៈនគរបាលយុត្តិធម៌ ក្នុងពេលអនុវត្តច្បាប់ ដូចនេះ សារព័ត៌មាន ជីវិត និងកីឡា ត្រូវធ្វើការកែប្រែខ្លឹមសារព័ត៌មានឡើងវិញ!

ស្នងការដ្ឋាននគរបាលខេត្តកំពត សូមបំភ្លឺជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២ សារព័ត៌មានជីវិត និងកីឡា បានធ្វើបទអត្ថាធិប្បាយនិងបទសម្ភាសន៍ ពាក់ព័ន្ធនឹងករណីអំពើហិង្សា នៅភូមិតាភុល ឃុំស្នាយអញ្ជិត ស្រុកជុំគិរី ខេត្តកំពត។

ក្នុងការចុះផ្សាយរបស់សារព័ត៌មានខាងលើនេះ បានធ្វើការចោទប្រកាន់មកលើមន្ត្រីនគរបាលជាតិ យ៉ាងធ្ងន់ធ្ងរថា‌ មន្ត្រីអនុវត្តច្បាប់ ធ្វើការមិនបានសិក្សាអំពីសាវតាររឿងឲ្យបានច្បាស់លាស់ (គ្មានជំនាញវិជ្ជាជីវៈត្រឹមត្រូវ) ថែមទាំងបានផ្សព្វផ្សាយបំពានលើចំណាត់ការរបស់តុលាការផងដែរ ។

 

ស្នងការដ្ឋាននគរបាលខេត្តកំពត សូមបំភ្លឺជូនសាធារណជនទាំងអស់មេត្តាជ្រាបថា នៅយប់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២ វេលាម៉ោង ២២ និង២០នាទី មានករណីហិង្សាដោយចេតនាមួយ នៅភូមិតាភុល ឃុំស្នាយអញ្ជិត ស្រុកជុំគិរី  ខេត្តកំពត ដោយហេតុថានៅយប់នោះមានកម្មវិធី (ផឹកស្រានិងច្រៀង) មានគ្នាចំនួន ៥នាក់ ក្នុងនោះមានឈ្មោះ ឌិន វណ្ឌី (ជាម្ចាស់ផ្ទះ) និងឈ្មោះ ឌុន ថា (ជាភ្ញៀវ) បានឈ្លោះទាស់ទែងគ្នា ក្រោយមកឈ្មោះ ឌុន ថា (ជាភ្ញៀវ) បានទៅយកដាវបម្រុងមកកាប់លើភាគី ក្រុមម្ចាស់ផ្ទះ ដោយភាគីម្ចាស់ផ្ទះមានគ្នាច្រើនជាង ពេលនោះឈ្មោះ ឌិន វណ្ឌី ជាម្ចាស់ផ្ទះ បានយកដែកអ៊ីណុក វាយឈ្មោះ ឌុន ថា ដែលជាអ្នកផ្តើមបង្កជម្លោះ បង្កឲ្យមានរបួសយ៉ាងធ្ងន់ធ្ងរ ។ ក្នុងករណីនេះសមត្ថកិច្ចយើងខ្ញុំបានធ្វើការយ៉ាងយកចិត្តទុកដាក់បំផុត និងបានឆ្លងយោបល់ទៅឯកឧត្តមព្រៈរាជអាជ្ញា សមត្ថកិច្ចក៏បានឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធី ។

 

ស្នងការដ្ឋាននគរបាលខេត្តកំពត សូមជម្រាបជូនអ្នកសារព័ត៌មាន និងអ្នកនិយមលេងបណ្តាញ សង្គម ឲ្យបានដឹងថាភាគីម្ចាស់ផ្ទះ ឈ្មោះ ឌិន វណ្ឌី គាត់បានប្រើប្រាស់សិទ្ធការពារខ្លួនជ្រុលហួស ដែលបង្កឲ្យភាគីជម្លោះទទួលរងបួសយ៉ាងធ្ងន់ធ្ងរ ហើយការសម្រេចរបស់តុលាការ គឺផ្អែកតាមតថភាពផ្លូវច្បាប់ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។

  ស្នងការដ្ឋាននគរបាលខេត្តកំពតសូមបដិសេធនូវពាក្យចោទប្រកាន់ និងបានមើលងាយមកលើវិជ្ជាជីវៈនគរបាលយុត្តិធម៌ ក្នុងពេលអនុវត្តច្បាប់ ដូចនេះ សារព័ត៌មានជីវិត និងកីឡា ត្រូវធ្វើការកែប្រែខ្លឹមសារព័ត៌មានឡើងវិញ និងធ្វើការសុំទោសជាសាធារណៈ ពុំនោះទេស្នងការដ្ឋាននគរបាលខេត្តកំពត និងអនុត្តន៍តាមច្បាប់ ។

  អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកលេងបណ្ដាញទំនាក់ទំនងសង្គម មេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close