អភិបាលខេត្តកណ្តាល បើកកិច្ចប្រជុំគណ:កម្មការគ្រប់គ្រងសំរាមសំណល់រឹងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកង្វក់ នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល
កណ្ដាល៖ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ បានបើក«កិច្ចប្រជុំគណ:កម្មការគ្រប់គ្រងសំរាមសំណល់រឹងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកង្វក់ នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល »។
ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នោះ លោក គង់ សោភ័ណ្ឌ បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក មន្ទីរជំនាញ និងអ្នកពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង ប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកង្វក់ នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល។
ក្នុងនោះ លោកអភិបាលខេត្តកណ្តាលបានបញ្ជាឲ្យយកចិត្តទុកដាក់ ៣ចំនុចសំខាន់ៗវរួមមាន៖
*ទី១- សហការរួមគ្នា ជម្រុញ អប់រំ និងផ្សព្វផ្សាយ ច្បាប់ លិខិតបទដ្ឋាន គោលការណ៍ និងវិធានការ នានាដែលទាក់ទងនឹងបរិស្ថានឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
*ទី២- រៀបចំបង្កើតឲ្យមានអនុគណ:កម្មការ ដើម្បីគ្រប់គ្រងសំរាម សំណល់រឹង និងបង្កើតយុទ្ធនាការ សហគមន៍ស្អាត-បៃតង។
*ទី៣- បង្កើនប្រសិទ្ធភាពការអប់រំ ផ្សព្វផ្សាយ ដើម្បីសោភ័ណ្ឌភាពបរិស្ថាន ស្របតាមកំណើនសេដ្ឋកិច្ច ជាពិសេសរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធទៅនឹងសំរាម៕