សម្តេចក្រឡាហោម ស ខេង ស្នើអភិបាលខេត្តកណ្តាល ចុះស្រាវជ្រាវករណី រឿងប្រជាពលរដ្ឋប្តឹងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឯកភាព ឲ្យ ក្រសួងមហាផ្ទៃ បញ្ជាទៅ ឲ្យអភិបាល នៃគណៈអភិបាលខេត្តកណ្តាល ចុះស្រាវជ្រាវ ពិនិត្យ និងដោះស្រាយបញ្ហាទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋជាមួយលោក ម៉ឹង យូឡេង ប្រធានធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល ដោយផ្អែកលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានចែងជាធរមាន។
ការស្នើឲ្យចុះស្រាវជ្រាវ ពិនិត្យ និងដោះស្រាយបញ្ហាទំនាស់ដីធ្លីនេះ គឺបានធ្វើឡើង បន្ទាប់ពីមានចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សូមរំឡឹកថា ប្រជាពលរដ្ឋ បានប្តឹងលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល ដោយបានចោទប្រកាន់ថា បានរំលាភយកដីលំនៅដ្ឋានរបស់ខ្លួន ដែលបានរស់នៅគ្រប់គ្រងលើដីនេះជិត ៤០ឆ្នាំមកហើយ។
ប្រជាពលរដ្ឋម្ចាស់ដី បានដាក់ពាក្យស្នើសុំអន្តរាគមន៍ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយសុំអន្តរាគមន៍ទៅរដ្ឋបាលខេត្តកណ្តាល ពន្លឿនដោះស្រាយទំនាស់ដីធ្លី ជាមួយលោក ម៉ឹង យូឡេង ដែលបានរំលោភបំពាណយកដីរបស់គាត់ ដែលបានកាន់កាប់តាំងពីឆ្នាំ១៩៨៤ រហូតមកដល់បច្ចុប្បន្ន អស់រយៈពេល ៣៨ឆ្នាំ ដែលមានទំហំដីទទឹង ២០ ម៉ែត្រ និងបណ្តោយ ២០ ម៉ែត្រ ស្ថិតក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។បន្ទាប់ពីទទួលបានពាក្យស្នើសុំអន្តរាគមន៍ សម្តេចឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចំណារឲ្យស្រាវជ្រាវ ពិនិត្យ និងដោះស្រាយបញ្ហាទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋជាមួយលោក ម៉ឹង យូឡេង ។
ពាក់ព័ន្ធករណីទំនាស់ដីធ្លីនេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានធ្វើលិខិតជម្រាបទៅលោក គង់ សុភ័ណ្ឌ អភិបាលខេត្តកណ្តាល ឲ្យចាត់ចែងឲ្យមានការចុះសិក្សាស្រាវជ្រាវ ពិនិត្យ និងដោះស្រាយបញ្ហាខាងលើដោយផ្អែកលើគោលការណ៍ច្បាប់ និង លិខិតបទដ្ឋានគតិយុត្ត ដែលមានចែងជាធរមាន រួចធ្វើការឆ្លើយតបទៅសាម៉ីសំណើវិញ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋ ឈ្មោះ សាំង សារ៉ុម បានដាក់ពាក្យបណ្តឹង ប្តឹងលោក ម៉ឹង យូឡេង រំលោភដីរបស់ខ្លួន ដែលមានទំហំ ២០ម៉ែត្រ គុណនឹង ២០ម៉ែត្រ ស្ថិតនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជិត ៤០ឆ្នាំមកហើយ តាំងពីជំនាន់លោក ម៉ៅ ភារុណ ជាអភិបាលខេត្ត រហូតមកដល់លោក គង់ សុភ័ណ្ឌ នៅតែគ្មានដំណោះស្រាយ ទើបបានជាគាត់ បានដាក់ពាក្យសុំកិច្ចអន្តរាគមន៍ ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឲ្យរដ្ឋបាលខេត្តកណ្តាល ពន្លឿនការដោះស្រាយ។ ចំណែក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានចេញលិខិតបំភ្លឺលេខ ០៥០៧ សក.កណ ដែលមានខ្លឹមសារ បញ្ជាក់ថាៈ ទីតាំងដីដែលលោក សាំង សារ៉ុម បានអាស្រ័យផលរស់នៅនេះ គឺជាទីតាំងដែលបម្រុងទុកអភិវឌ្ឍន៍ធ្វើស្ថានីយ៍បូមទឹក៕