រថយន្ត យីឌុប ដឹកខ្សាច់ ជាច្រើនគ្រឿង បើកមិនចូលថ្លឹង សង្ស័យទាំងមេស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តព្រែកហូរ និងមន្ត្រីប្រចាំការដេកចាំយកតែលុយ?
ខេត្តកណ្តាល៖ ល្បីយូរហើយ! ករណីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចន្លោះស្តុបព្រែកហូរ និងស្តុបផ្លូវ៦០ម៉ែត្រ ស្ថិតនៅលើផ្លូវ៥០ម៉ែត្រ ក្នុងខណ្ឌដង្កោ ជាប់ខណ្ឌមានជ័យ រាជធានីភ្នំពេញ មិនមានវិធានការនិងអនុវត្តច្បាប់ជាមួយក្រុមរថយន្តដឹកខ្សាច់និងទំនិញជាច្រើនគ្រឿងដែលបើកឆ្លងកាត់តែមិនចូលថ្លឹងឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសនិងលក្ខខណ្ឌ រួមជាមួយច្បាប់ស្ដីពីផ្លូវគោក និងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវគោក។
បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អផ្ដល់ព័ត៌មានមកកាន់អង្គភាពព័ត៌មានយើង ថាមានភាពមិនប្រក្រតីនិងសង្ស័យមានការឃុបឃិតគ្នារវាងមេស្ថានីយ៍ជអញ្ជីងថ្លឹងរថយន្តចន្លោះស្តុបព្រែកហូរនិងស្តុបផ្លូវ៦០ម៉ែត្រនិងមន្ត្រីប្រចាំការជាមួយក្រុមរថយន្តដឹកខ្សាច់និងទំនិញតាមផ្លូវថា មានរថយន្តដឹកខ្សាច់និងទំនិញជាច្រើនគ្រឿងដែលដឹកជញ្ជូនខ្សាច់រៀងរាល់យប់ ពេលឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តមិនចូលថ្លឹងឲ្យបានត្រឹមត្រូវតាមបច្ចេកទេសនោះទេគឺទៅហួស មកហួស ហើយចាំបង់ក្បាលឡានឲ្យមេស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចន្លោះស្តុបព្រែកហូរនិងស្តុបផ្លូវ៦០ម៉ែត្រនិងមន្ត្រីប្រចាំការគឺជាការស្រេចតែម្ដង បើទោះបីជាដឹកមួយយប់ៗប៉ុន្មានសិបគ្រឿងក៏ដោយ ពីព្រោះគេយកលេសថា ដឹកទៅចាក់បំពេញនៅព្រលានយន្តហោះថ្មីលើផ្ទៃដី២៦០០ហិកតា ប៉ុន្តែតាមការពិតកន្ទេលធំបន្លំដេកទេ ព្រោះមានរថយន្តយីឌុបដឹកខ្សាច់ជាច្រើនគ្រឿង បានដឹកទៅចាក់បំពេញដីឯកជននៅក្នុងដែនអាណាចក្រខណ្ឌដង្កោនិងខណ្ឌមានជ័យ។
ជាមួយគ្នានោះ នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ បណ្ដាញព័ត៌មានបានចុះទៅដល់ស្ថានីយ៍ជញ្ជីងថ្លឹងខាងលើ និងបានឃើញផ្ទាល់ចក្ខុថា ពិតជាមានរថយន្តប្រភេទយីឌុបដឹកខ្សាច់ជាច្រើនគ្រឿង ដឹកមិនគ្របឲ្យបានត្រឹមត្រូវ ដឹកទាំងទឹកហូរលាយឡំជាមួយខ្សាច់ហូរជ្រុះពាសពេញផ្លូវចាប់ពីដេប៉ូរហូតដល់គោលដៅចាក់ខ្សាច់ ជាងពិសេសដឹកឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចន្លោះស្តុបព្រែកហូរនិងស្តុបផ្លូវ៦០ម៉ែត្រហើយមិនព្រមចូលថ្លឹងនោះទេ។ តើស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចន្លោះស្តុបព្រែកហូរនិងស្តុបផ្លូវ៦០ម៉ែត្រដាក់មកដើម្បីថ្លឹងអ្វី ថ្លឹងរថយន្ត ឬសម្រាប់តែឲ្យថ្លឹងលុយ? តើមេស្ថានីយ៍ជអញ្ជីងថ្លឹងរថយន្តខាងលើនិងមន្ត្រីប្រចាំការបាត់ស្រមោលទៅណាអស់ហើយ ហេតុអ្វីគេមិនឃើញនៅប្រចាំការ ឬមួយដល់ម៉ោង ចែវគល់ អីស្រោប សាកសំលេងតាមបារខារ៉ាអូខេអស់ហើយឬមួយគិតថា មិនបាច់នៅក៏បាន ព្រោះរថយន្តដឹកទំនិញ ខ្សាច់ ថ្ម ដី ទាំងអស់នោះដឹងតួនាទី ដឹងខ្លួនអស់ហើយថា ត្រូវបង់លុយក្បាលឡានយ៉ាងដូចម្ដេចនោះ?
គួររំលឹកជូនថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនធ្លាប់បានបញ្ជាក់ថា ក្នុងករណីម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ ណាមួយនៅតែបណ្តែតបណ្តោយឱ្យដឹកជញ្ជូន ឬ ផ្ទុកទម្ងន់លើសពី២០ភាគរយ ប្រធានស្ថានីយជញ្ជឹងអចល័ត ឬ ប្រធានក្រុម ជញ្ជីងចល័ត ត្រូវចាត់វិធានការតាមបទប្បញ្ញត្តិដូចជា៖ ដកបណ្ណបើកបរ និងព្យួរទុកចំនួន២ឆ្នាំ ព្រមទាំងឃាត់យានជំនិះទុក ចំនួន១ឆ្នាំ ដោយរក្សាទុកនៅទីតាំងណាមួយសមស្រប ហើយម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះដោយខ្លួនឯង។
យោងតាមច្បាប់ស្តីពីផ្លូវថ្នល់ បានកំណត់ថា បើអ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ ដែលផ្ទុកទម្ងន់ធ្វើឱ្យស្រុតផ្លូវថ្នល់ ឬ បែកលូកាត់ទទឹងផ្លូវថ្នល់ ឬបាក់ស្ពាន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ដល់២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ដល់៤លានរៀល។ដោយឡែកបើមន្ត្រីមានសមត្ថកិច្ចដែលអនុញ្ញាតឱ្យរថយន្តផ្ទុកលើសទម្ងន់ធ្វើឱ្យស្រុតផ្លូវថ្នល់ ឬ បែកលូកាត់ទទឹងផ្លូវថ្នល់ ឬ បាក់ស្ពាន ត្រូវផ្តន្ទាទោសដូចចារី៕