ខេត្តកំពត៖ នៅថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទីព្រឹក នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំពិធីប្រគល់-ទទួល ថវិការសមាគមមិត្តនគរបាលជាតិ ជូនដល់គ្រួសារមន្ត្រីនគរបាលចូលនិវត្តន៍ មរណ:ចំនួន ០១នាក់ ស្មើនឹងទឹកប្រាក់សរុបចំនួន ៦.០០០.០០០៛ (ប្រាំមួយលានរៀលគត់) និងជូនដល់គ្រួសារមន្រ្តីនគរបាលមរណ:ចំនួន ០១នាក់ ស្មើទឹកប្រាក់ ចំនួន ៦.០០០.០០០៛ (ប្រាំមួយលានរៀល) និងមន្ត្រីនគរបាលពិការភាពចំនួន ១៧ នាក់ សរុបទឹកប្រាក់ចំនួន ១០២.០០០.០០០៛(មួយរយពីរលានរៀល)។ ពិធីនេះប្រារព្វឡើង ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី ឡុង គីម ស្នងការរងផែនការងាធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងមាន វត្តមានអញ្ជើញចូលរួមពី លោកនាយ-នាយរងការិយាល័យបុគ្គលិក ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកឧត្ដមសេនីយ៍ត្រី ឡុង គីម បានសំដែងនូវការសោកស្តាយជាពន់ពេក និងសូមចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំនេះ ចំពោះក្រុម គ្រួសារសព ព្រមទាំងដឹងគុណចំពោះស្នាដៃរបស់មន្ត្រីយើង ដែលខិតខំបំពេញ ភារកិច្ចជូនជាតិមាតុភូមិ និងបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយ កម្លាំងចិត្តកន្លងមក និងពាំនាំពាក្យផ្តាំផ្ញើរបស់លោកឧត្តមសេនីយ៍ទោ ស្នងការ ជូនដល់បងប្អូន ក្រុមគ្រួសារមន្ត្រីនគរបាល ដោយបន្តយកចិត្តទុកដាក់ ថែរក្សាសុខភាព អនាម័យ ដោយអនុវត្តតាមវិធានការណ៍ ក្រសួងសុខាភិបាល ដើម្បីរួចផុតពីជម្ងឺកូវីដ-១៩ គ្រប់ៗគ្នា៕