ខេត្តក្រចេះ៖ នាព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលស្រុកព្រែកប្រសព្វ មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងចូលកាន់មុខតំណែង អភិបាលនៃគណ:អភិបាលស្រុកព្រែកប្រសព្វ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ។
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោកលោកស្រី ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត មន្ត្រីរាជការ កងកំលាំងទាំងបី និងលោកមេឃុំជាច្រើនរូប។
យោងតាមអនុក្រឹត្យលេខ ៦៤៧អនក្រ.តត របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ សម្រេចផ្ទេរភារកិច្ច និងតែងតាំង លោក សូម សារិត ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ជាអភិបាល នៃគណ:អភិបាលស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។