តើ លោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹងមានការជាប់ពាក់ព័ន្ធអ្វីជាមួយថៅកែរោងចក្រផលិតក្រដាស បានចេញលិខិតផ្អាកហើយ តែរោងចក្រនៅបន្តដំណើរការអាជីវកម្មដដែល?

កណ្តាល៖ ប្រជាពលរដ្ឋរងគ្រោះរួមទាំងព្រះសង្ឃបានដែលបានដាក់ពាក្យប្ដឹងថៅកែរោងចក្រ កំពង់កន្ទួត មេនូហ្វេកធើរី ខេមបូឌា ខូអិលធីឌី បានប្រាប់ឲ្យបណ្ដាញព័ត៌មានយើង ដឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះថា ពួកគាត់មានការខកចិត្តខ្លាំងណាស់ដោយហេតុថា លោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹង មិនដឹងជាមានការពាក់ព័ន្ធអ្វីឬសន្យាអ្វីជាមួយថៅកែរោងចក្រខាងលើបានថៅកែរោងចក្រនេះ ហាក់បីដូចជាមិនគោរពតាមសេចក្ដីជូន លិខិតបញ្ជាឲ្យផ្អាកជាបណ្ដោះអាសន្ន និងលិខិតបទដ្ឋានគតិយុត្តរបស់អាជ្ញាធរស្រុកនិងមន្ទីរបរិស្ថានខេត្តកណ្ដាលយ៉ាងដូចនេះ ទើបនៅហ៊ានបន្តលួចបើកដំណើរការអាជីវកម្មរបស់ខ្លួនទាំងថ្ងៃទាំងយប់។

ជាមួយគ្នានោះ តាមប្រភពព័ត៌មានបានប្រាប់បណ្តាញព័ត៌មានយើង នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ លោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹងបានចាត់តាំងឲ្យអភិបាលរងស្រុកម្នាក់ឈ្មោះ លោក ស្វាយ សេងលី និងមន្ត្រីក្រោមឱវាទមួយចំនួនទៀត ចុះទៅពិនិត្យទីតាំងរោងចក្រខាងលើ ធ្វើកំណត់ហេតុ និងបានណែនាំឲ្យម្ចាស់រោងចក្រផលិតក្រដាសផ្អាកសកម្មភាពអាជីវកម្មចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ រហូតមានការដោះស្រាយបញ្ហាពាក់ព័ន្ធរួចរាល់សិន។

នៅក្នុងកំណត់ហេតុបានបញ្ជាក់ថា ករណីម្ចាស់ទីតាំងអាជីវកម្មមិនចូលរួមសហការអនុវត្តតាមការណែនាំរបស់ក្រុមការងារក្រុមហ៊ុននឹងត្រូវទទួលខុសត្រូវនៅចំពោះមុខច្បាប់ព័ត៌មាន។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានខ្សឹបឲ្យដឹងទៀតថា លោកអភិបាលស្រុកកណ្តាលស្ទឹង អ៊ូច សាវឿន កំពុងតែមានការថ្នាំងថ្នាក់ពីមន្ត្រីជើងក្រោមដោយអាងអំណាចរបស់ខ្លួនតែងតាំងមន្ត្រីក្រោមឱវាទជាបក្សពួករបស់ខ្លួនតាមតែចិត្តឯងព្រោះតែផលប្រយោជន៍ កឹបកេងលុយភាគលាភរបស់សាលាស្រុក និងបានកាងយកលុយពីម្ចាស់រណ្ដៅដីទាំងមានច្បាប់ និងអត់ច្បាប់ទៀតផង។ 

គួរបញ្ជាក់ថា ព្រះគ្រូចៅអធិការវត្តព្រៃរោង ព្រះគ្រូសីលមុនីភិរ័ត ម៉ម ភារុណ រួមជាមួយអាចារ្យគណកម្មការវត្តនៅភូមិត្បូងក្ដី ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលបានដាក់ពាក្យប្ដឹងទៅលោកអភិបាលស្រុកកណ្ដាលស្ទឹងឲ្យជួយអន្តរាគមន៍ដោះស្រាយ ករណីសិប្បកម្មផលិតក្រដាសមួយកន្លែងបានបង្ហូរទឹកស្អុយ ហើយរមាស់មកលើអូរដែលប្រជាជនប្រើប្រាស់ជាប្រចាំថ្ងៃនិងបង្កផលប៉ះពាល់ដល់សុខភាពប្រជាជនយ៉ាងធ្ងន់ធ្ងរ។ 

ប្រជាពលរដ្ឋនៅភូមិស្វាយមីងនិងភូមិត្បូងក្ដី ឃុំបារគូកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ក៏បានដាក់ពាក្យប្ដឹងទៅលោកអភិបាលស្រុកកណ្ដាលស្ទឹងឲ្យជួយអន្តរាគមន៍ដោះស្រាយ ករណីសិប្បកម្មផលិតក្រដាសមួយកន្លែងបានបង្ហូរទឹកស្អុយ ហើយរមាស់មកលើអូរដែលប្រជាជនប្រើប្រាស់ជាប្រចាំថ្ងៃនិងបង្កផលប៉ះពាល់ដល់សុខភាពប្រជាជនយ៉ាងខ្លាំង។

ប្រជាពលរដ្ឋនៅភូមិត្បូងក្ដី ឃុំបារគូ បានដាក់ពាក្យប្ដឹងទៅលោកអភិបាលស្រុកកណ្ដាលស្ទឹងឲ្យជួយអន្តរាគមន៍ដោះស្រាយ ករណីសិប្បកម្មផលិតក្រដាសមួយកន្លែងបានបង្ហូរវត្ថុរាវមានក្លិនស្អុយ មកលើដីកម្មសិទ្ធិឯកជន និងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close