ខេត្តព្រះសីហនុ៖ កាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទី លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះរបស់ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ទៅទទួលយកស្រ្តីមួយរូប មានអាការៈធ្លាក់ឈាម ហើយចុកពោះខ្លាំង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីខាងលើមានឈ្មោះ ខុន លីណា មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ស្រ្តីរងគ្រោះ ត្រូវបានលោកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារសង្គ្រោះ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្ត យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕