ក្រោយទៅជួបលោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹងរួចមក ថៅកែរោងចក្រផលិតក្រដាសរបស់ជនជាតិចិន បើកដំណើរការអាជីវកម្មវិញភ្លាម ទោះបីមិនទាន់ដោះស្រាយជាមួយប្រជាពលរដ្ឋរួចហើយក៏ដោយ!

កណ្តាល៖ ថៅកែរោងចក្រ កំពង់កន្ទួត មេនូហ្វេកធើរី ខេមបូឌា ខូអិលធីឌី ដែលគេដឹងថា ជារបស់ថៅកែជនជាតិចិនដែលកំពុងរងបណ្ដឹងជាច្រើនលើកច្រើនសារពីប្រជាពលរដ្ឋពាក់ព័ន្ធការបង្ហូរទឹកមានពណ៌និងមានក្លិនស្អុយចូលក្នុងដីកម្មសិទ្ធិឯកជនរបស់ពួកគាត់និងប្រឡាយសារធារណៈ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ នៅលួចបន្តដំណើរអាជីវកម្មរបស់ខ្លួនជាធម្មតា ក្រោយពីទៅជួបលោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹងនៅថ្ងៃនេះរួចមក។ នេះបើយោងតាមប្រភពពីប្រជាពលរដ្ឋល្អដែលបានប្រាប់ឲ្យបណ្ដាញព័ត៌មានយើង ដឹងនៅថ្ងៃទី២៩ ខែសីហានេះ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ថៅកែរោងចក្រខាងលើបានលួចដំណើរការអាជីវកម្មរបស់ពួកគេចាប់តាំងពី៣រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះមកម៉្លេះ ក្រោយពីពួកគេបាននាំគ្នាទៅជួបលោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹងរួចមក។ ពួកគាត់បានដាក់ការសង្ស័យថា ប្រហែលជា លោកអភិបាលស្រុកកណ្តាលស្ទឹងជាអ្នកអនុញ្ញាតឲ្យបើកដំណើរការឡើងវិញទេដឹង ទើបថៅកែរោងខាងលើនេះហ៊ាន។

ជាក់ស្តែងនៅវេលាម៉ោង៩និង៤៣នាទីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ភ្នាក់ងារព័ត៌មាន យើង បានចុះទៅដល់ទីតាំងរោងចក្រផលិតក្រដាសខាងលើ ឃើញថា ថៅកែរោងចក្រនៅបន្តលួចធ្វើសកម្មភាពអាជីកម្មផលិតក្រដាសជាធម្មតាដោយមិនខ្លាចញញើតច្បាប់សោះឡើយទោះបីជាអាជ្ញាធរស្រុកកណ្ដាលស្ទឹង និងមន្ទីរបរិស្ថានខេត្តកណ្តាលបានចេញលិខិតឲ្យផ្អាកដំណើរការអាជីវកម្មជាបណ្ដោះអាសន្នក៏ដោយ។

ដោយឡែកលោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹងនៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បានប្រាប់ឲ្យបណ្ដាញព័ត៌មានយើង ដឹងតាមរយៈទូរស័ព្ទថា ថៅកែជនជាតិចិនបានទៅជួបលោកដើម្បីសុំបើកដំណើរការអាជីវកម្ម ប៉ុន្តែលោកមិនអនុញ្ញាតឲ្យទេ។ លោកបន្តថា លោកមិនបានទទួលព័ត៌មានថា ថៅកែរោងចក្រ កំពង់កន្ទួត មេនូហ្វេកធើរី ខេមបូឌា ខូអិលធីឌី ដែលជារបស់ថៅកែជនជាតិចិននៅហ៊ានលួចបើកដំណើរការអាជីវកម្មរបស់ខ្លួនទេ លោកនឹងបញ្ជាឲ្យអភិបាលរងស្រុកម្នាក់ចុះទៅធ្វើកំណត់ហេតុនៅព្រឹកស្អែក ព្រោះពេលនេះយប់ទៅហើយ។

ជាមួយគ្នានេះ លោក អ៊ូច សាវឿន បានបន្តទៀតថា យោងតាមស្មារតីអង្គប្រជុំ តម្រូវឱ្យថៅកែរោងចក្រផលិតក្រដាសខាងលើ កែប្រែ៥ចំណុច៖

ទី១. អោយថៅកែរោងចក្រទទួលការផាកពិន័យ ពាក់ព័ន្ធការបង្ហូរកាកសំណល់ចំនួន១០លាន ប៉ុន្តែបានធ្វើរួចហើយ។

ទី២. ការកែសម្រួលកាកសំណល់ដែលហូរចេញទៅក្រៅ ជាមួយប្រជាជន។

ទី៣. អោយគាត់ទៅធ្វើការពិភាក្សាជាមួយអាជ្ញាធរមូលដ្ខានភូមិ ឃុំ ដើម្បីកែសម្រួលទីតាំង ថាតើមានការឯកភាពហើយឬនៅ ព្រោះមានបណ្ដឹងពីប្រជាជន។

ទី៥. អោយធ្វើអាងប្រព្រឹត្តកម្មមុននឹងបញ្ចេញកាកសំណល់ចេញ។

ជាមួយគ្នានោះដែរ លោក អ៊ូច សាវឿន បានបញ្ជាក់ថា បើករណីថៅកែរោងចក្រដំណើរការអាជីវកម្មជាកំហុសឆ្គងរបស់គាត់។ លោកបន្តថា នៅក្នុងគោលការណ៍បានណែនាំហើយ បើកាលណាប្រព្រឹត្តខុសគោលការណ៍របស់អាជ្ញាធរ ក្រុមការងារស្រុកនឹងចាត់វិធានការរាយការណ៍ស្នើសុំអនុសាសន៍ដឹកនាំពីឯកឧត្ដមអភិបាលខេត្តទៀត។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ លោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹងបានចេញសេចក្ដីជូនដំណឹងលេខ៣៤២ ស.ជ.ណ ជម្រាបជូនលោកប្រធានរោងចក្រ កំពង់កន្ទួត មេនូហ្វេកធើរី ខេមបូឌា ខូអិលធីឌីឲ្យថៅកែរោងចក្រដោះស្រាយបញ្ហារោងចក្រផលិតក្រដាសបងកហូរសំណល់រាវដែលមានពណ៌និងក្លិនចូលដីកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិត្បូងក្ដី ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលបានចេញលិខិតមួយច្បាប់លេខ០៣៨ បស្ថ.កណ ស្ដីពីការផ្អាកជាបណ្ដោះអាសន្នសកម្មភាពអាជីកម្មផលិតក្រដាសរបស់រោងចក្រ កំពង់កន្ទួត មេនូហ្វេកធើរី ខេមបូឌា ខូអិលធីឌី។

ហើយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលក៏ធ្លាប់បានចេញលិខិតមួយច្បាប់លេខ០២១ បស្ថ.កណ បញ្ជាកែប្រែវិធានការគ្រប់គ្រងការបំពុលបរិស្ថាន និងពិន័យអន្តរការណ៍។

នៅក្នុងលិខិតមន្ទីរបរិស្ថានខេត្តកណ្តាលបានដាក់ចេញនូវវិធានការចំពោះរោងចក្រ កំពង់កន្ទួត មេនូហ្វេកធើរី ខេមបូឌា ខូអិលធីឌី៖

១. ត្រូវសម្របសម្រួលនិងដោះស្រាយឲ្យបានសមស្របជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការបង្ហូរសំណល់រាវមានពណ៌និងក្លិនស្អុយរបស់រោងចក្រ។

២. ត្រូវប្រមូលសំណល់ប្លាស្ទិកដែលរោងចក្របានយកទៅចាក់ចោលនៅលើដីកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋទាំងអស់និងរៀបចំរោងទុកដាក់សំណល់រឹងឲ្យបានត្រឹមត្រូវឲ្យបានរួចរាល់នៅមុនថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២២ ជាកំហិត។

៣. ត្រូវរៀបចំសាងសង់អាងប្រព្រិត្តិកម្មសំអាតសំណល់រាវស្របតាមលក្ខណៈបច្ចេកទេសឲ្យបានរួចរាល់នៅមុនថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ជាកំហិត។

៤. ក្នុងរយៈពេលនៃការសាងសង់អាងប្រព្រិត្តិកម្មសំណល់រាវត្រូវបញ្ឈប់ជាបណ្ដោះអាសន្ននូវការបង្ហូរសំណល់រាវពីចង្វាក់ផលិតកម្មបង្កឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋនិងការបំពុលប្រភពទឹកសាធារណៈដោយត្រូវរៀបចំស្រះស្តុកសំណល់រាវពីផលិតកម្មឬផ្ដល់សំណល់រាវទៅឲ្យក្រុមហ៊ុនផ្សេងទៀតដោយមានការឯកភាពពីមន្ទីរបរិស្ថានខេត្តកណ្ដាលដើម្បីធ្វើការសំអាតសំណល់របស់ខ្លួន។

៥.ត្រូវស្នើសុំរៀបចំកិច្ចសន្យាការពារបរិស្ថាននិងលិខិតអនុញ្ញាតបញ្ចេញសំណល់រាវនិងសំណល់រឹងឲ្យបានរួចរាល់មុនថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០២២ ជាកំហិត។

៦. ពិន័យអន្តរកាល១០លានរៀលករណីបង្ហូរសំណល់រាវដែលមានពណ៌និងក្លិនស្អុយបង្ករផលប៉ះពាល់ដល់ប្រជាពលរដ្ឋនិងការបំពុលប្រភពទឹកសាធារណៈនិងទឹកប្រឡាយស្រោចស្រប។ ម្ចាស់រោងចក្រត្រូវមកបង់ប្រាក់ពិន័យនៅមន្ទីរបរិស្ថានខេត្តកណ្ដាលឲ្យបានមុនថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២។

៧. ករណីរោងចក្រពុំអនុវត្តតាមចំណុចវិធានការខាងលើមន្ទីរបរិស្ថានខេត្តកណ្ដាលនឹងចាត់វិធានការបន្តតាមនីតិវិធីជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close