ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ ខែ សីហា ឆ្នាំ ២០២២នេះ លោក ចេង
មុនីរ៉ា ប្រធានកិត្តិយសបានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហម
កម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង មានចំនួន៥០គ្រួសារនៅភូមិព្រែកជាងព្រំក្នុងសង្កាត់វាលស្បូវ ។
នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មា
ធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។
ជាមួយគ្នានេះ លោកក៏សូមឱ្យគ្រួសារទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងសូមកុំធ្វេសប្រហែសពីជំងឺកូវីដ១៩ ដោយបន្តអនុវត្តវិធានការណ៍ការពារខ្លួនជានិច្ចគឺ ៣ការពារ និង ៣កុំ ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង ១គ្រួសារៗរួមមាន៖ អង្ករ២៥គីឡូក្រាម ឃីត១កញ្ចប់ ប្រេងឆា១ដប ថវិកា២មុឺន៕