លោក ឃឹម ហ្វីណង់ ៖ ទឹកជំនន់ទាំងនោះត្រូវបានហូរបន្តទៅកាន់ស្ទឹងសៀមរាប តែមិនមានពាក់ព័ន្ធនឹងអានុភាពនៃកម្លាំងបឺតទាញរបស់ Black Hole នោះទេ!
ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បញ្ជាក់អោយដឹងនារសៀលថ្ងៃទី២៧ សីហា ២០២២នេះ ថា
កម្ពស់ទឹកស្ទឹងបន្ទាយស្រីបានហក់ឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារតែស្រុកបន្ទាយស្រីកំពុងទទួលរងឥទ្ធិពលនៃភ្លៀងធ្លាក់ជោកជាំជាប់ៗគ្នា បណ្តាលឱ្យលិចផ្ទះបងប្អូនប្រជាពលរដ្ឋមួយចំនួន ប៉ុន្តែមិនទាន់មានអ្វីដែលគួរឱ្យព្រួយបារម្ភនៅឡើយទេ ហើយក៏មិនទាន់ដល់កម្រិតត្រូវប្រកាសអាសន្ននោះដែរ។ សូមបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រី ជាពិសេសអ្នករស់នៅតាមបណ្តោយដងស្ទឹង និងនៅតាមជ្រលងជើងភ្នំគូលែនដែលមានមុខទឹកហូរឆ្លងកាត់ បង្កើនការប្រុងប្រយត្ន័ចំពោះហានិភ័យនៃជំនន់ទឹកភ្លៀងគំហក់ (Flash Flood) ជៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយ។
អភិបាលស្រុកបន្ទាយស្រី គូសបញ្ជាក់បន្ថែមថា បាតុភូតនេះ គឺជារឿងធម្មតានៅរៀងរាល់រដូវសម្បូរណ៍ព្យុះភ្លៀងសម្រាប់ស្រុកបន្ទាយស្រី ដែលតែងរងឥទ្ធិពលពីខ្យល់មូសុងវស្សា ដោយសារតែមានស្ថានភាពភូមិសាស្ត្រជាតំបន់ខ្ពង់រាប និងមានផ្ទៃរងទឹកភ្លៀងនៃទីជម្រេលភ្នំគូលែនលាតសន្ធឹងធំហើយវែង ដែលជាហេតុធ្វើឱ្យតំបន់មួយចំនួនងាយនឹងទទួលរងហានិភ័យនៃជំនន់ទឹកភ្លៀងគំហុក (Flash Flood) ជាពិសេស ប្រសិនបើមានភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់គ្នា ប៉ុន្តែក៏តែងតែហូរស្រកចុះទៅវិញយ៉ាងឆាប់ក្នុងរយៈពេលខ្លីដោយខ្លួនឯងផងដែរ នៅពេលដែលភ្លៀងឈប់ធ្លាក់ ហើយទឹកជំនន់ទាំងនោះត្រូវបានហូរបន្តទៅកាន់ស្ទឹងសៀមរាប (តែមិនមានពាក់ព័ន្ធនឹងអានុភាពនៃកម្លាំងបឺតទាញរបស់ Black Hole នោះទេ 😅)។