ករណីមានការបង្ខាំងមនុស្សខុសច្បាប់ ឬ ការជួញដូរមនុស្សគ្រប់ទម្រង់ ខលទៅ Hotline 117

រាជធានីភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នេះ បានប្រកាសឲ្យប្រជាពលរដ្ឋទូទាំងប្រទេស និងជនបរទេស បើមានករណីពាក់ព័ន្ធនឹងការបង្ខាំងមនុស្សខុសច្បាប់ ឬ ការជួញដូរមនុស្សគ្រប់ទម្រង់ សូមទំនាក់មកលេខ Hotline ១១៧ ខណៈដែលបច្ចុប្បន្នមជ្ឈមណ្ឌលប្រចាំបញ្ជា ១១៧ បានបន្ថែមមន្ត្រីនគរបាលជាតិប្រចាំការ ដែលចេះនិយាយភាសារអង់គ្លេស ចិន និងភាសារវៀតណាម ។

ជាមួយគ្នានោះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានអំពាវនាវឲ្យប្រជាជនទូទាំងប្រទេស និងគ្រប់មជ្ឈដ្ឋានទាំងអស់ សូមចូលរួមសហការលុបបំបាត់អំពើជួញដូរមនុស្ស បង្ខាំងមនុស្សខុសច្បាប់គ្រប់ទម្រង់ ដោយទំនាក់ទំនងមកលេខ Hotline ១១៧ និងផ្តល់ទំនុកចិត្តឲ្យ ១១៧ ។

គួរកត់សម្គាល់ថា បន្ទាប់ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសលេខទូរស័ព្ទ Hotline ១១៧ សម្រាប់ប្រជាពលរដ្ឋរាយការណ៍រាល់ករណីកើតឡើងពិតប្រាកដនៅទូទាំងប្រទេស ពេញ២៤ម៉ោងលើ២៤ម៉ោងនោះមក ប្រជាពលរដ្ឋបានសម្តែងការគាំទ្រ ជឿជាក់ និងលើកសរសើរមិនដាច់ពីមាត់ ខណៈពេលពួកគាត់កំពុងមានបញ្ហាបានរាយការណ៍ទៅសមត្ថកិច្ចតាមលេខទូរស័ព្ទ ១១៧ ដើម្បីសុំកិច្ចអន្តរាគមន៍ ហើយពួកគាត់ទទួលបានការជួយអន្តរាគមន៍ទាន់ពេលវេលា ។

លេខទូរស័ព្ទ Hotline ១១៧ នេះ គឺជាមជ្ឈមណ្ឌលប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលរង់ចាំទទួល និងឆ្លើយតបបន្ទាន់ភ្លាមៗនៅពេលទទួលបាននូវសេចក្ដីរាយការណ៍សុំជំនួយពិតប្រាកដពីនគរបាលជាតិ ដូចជា បទល្មើសព្រហ្មទណ្ឌ, គ្រោះថ្នាក់ចរាចរណ៍, គ្រោះអគ្គិភ័យ ឬភាពអសកម្មមួយចំនួនរបស់មន្ដ្រីនគរបាលនៅតាមមូលដ្ឋានជាដើម ។ ប្រជាពលរដ្ឋអាចទូរស័ព្ទចូលលេខ ១១៧ មិនអស់ថ្លៃសេវានោះទេ ទោះបីជាទឹកប្រាក់ក្នុងគណនេយ្យអស់ក៏អាចទូរស័ព្ទចូលបានផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close