ប្រជាពលរដ្ឋរងផលប៉ះពាល់ពីការបង្ហូរទឹកមានពណ៌ និងមានក្លិនស្អុយចេញពីរោងចក្រផលិតក្រដាសរបស់ថៅកែជនជាតិចិន នៅមិនទាន់មានដំណោះស្រាយនៅឡើយ

កណ្តាល៖ តើពេលណាទើបបងប្អូនប្រជាពលរដ្ឋនិងព្រះសង្ឃទទួលបានដំណោះស្រាយនិងយុត្តិធម៌ពីថៅកែរោងចក្រផលិតក្រដាសដែលលួចបង្ហូរទឹកមានពណ៌និងក្លិនស្អុយដែលបានប៉ះពាល់ដល់សុខភាពពួកគាត់យ៉ាងធ្ងន់ធ្ងរ?

ប្រជាពលរដ្ឋរួមទាំងព្រះសង្ឃគង់នៅវត្តព្រៃរោងបាននាំគ្នាដាក់ពាក្យប្ដឹងជនជាតិចិនថៅកែរោងចក្រក្រដាសចំនួន៣លើករួចមកហើយពាក់ព័ន្ធការលួចបង្ហូរទឹកមានពណ៌និងក្លិនស្អុយចូលក្នុងដីកម្មសិទ្ធិឯកជនរបស់ពួកគាត់និងចូលប្រឡាយសាធារណៈរបស់រដ្ឋដែលបានប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនិងព្រះសង្ឃយ៉ាងធ្ងន់ធ្ងរនៅចំណុចដីកម្មសិទ្ធិឯកជនរបស់ប្រជាជននៅក្រោយរោងចក្រផលិតក្រដាស ភូមិត្បូងក្ដី ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា ដើម្បីដឹងច្បាស់ពីកំរិតជាតិពុល និងសារធាតុគីមីផ្សេងៗក្នុងតំបន់ដីកម្មសិទ្ធិរបស់ពួកគាត់ដែលរងផលប៉ះពាល់ពីការបង្ហូរសំណល់រាវ របស់រោងចក្រផលិតក្រដាសកំពង់កន្ទួត មេនូហ្វេកធឺរីង(ខេមបូឌា) ខូអិលធីឌី ទើបពួកគាត់បាននាំគ្នាដាក់ពាក្យប្ដឹងទៅលោកប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល,លោកអភិបាលនៃគណៈអភិបាលស្រុកកណ្តាលស្ទឹង, លោកមេឃុំឲ្យជួយអន្តរាគមន៍ធ្វើយ៉ាងណាឲ្យថៅកែរោងចក្រផលិតក្រដាសខាងលើដោះស្រាយនិងទទួលខុសត្រូវ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ ភ្នាក់ងារព័ត៌មាន យើង បានចុះមកដល់ទីតាំងក្រោយរោងចក្រផលិតក្រដាសរបស់ថៅកែជនជាតិចិន នៅភូមិត្បូងក្ដី ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលពិតជាឃើញថា ទឹកមានពណ៌ មានក្លិនស្អុយ ពិតប្រាកដមែន ដោយសូម្បីតែសត្វក្ដាម ខ្យង ខ្ចៅ និងដើមឈើក៏ងាប់ស្ទើរអស់ដែរ ហើយពេលប៉ះទឹកនេះគឺពិតជាបានបណ្ដាលឱ្យរមាស់ប្រាកដមែន។

ជាមួយគ្នានោះ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់បានស្នើសុំឱ្យឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាជួយពិនិត្យនិងអន្តរាគមន៍ចាត់តាំងមន្ត្រីបច្ចេកទេសចុះមកពិនិត្យនិងដោះស្រាយដល់ពួកគាត់ផង ពីព្រោះថា ការបង្ហូរទឹកមានពណ៌និងក្លិនស្អុយនេះពិតជាបានធ្វើឲ្យប៉ះពាល់ដល់សុខភាពពួកគាត់យ៉ាងធ្ងន់ធ្ងរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close