ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានទទួលជួបពិភាក្សាការងារជាមួយ លោក លីវ ជាឆាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន
ភ្នំពេញ៖៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានទទួលជួបពិភាក្សាការងារជាមួយ លោក លីវ ជានឆាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ រសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២ ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម លីវ ជានឆាវ បានជម្រាបជូនថា គោលបំណង នៃទស្សនកិច្ចនេះ គឺដើម្បីពង្រឹង និងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ លោកក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការអភិវឌ្ឍ លើគ្រប់វិស័យដែលប្រទេសកម្ពុជាសម្រេចបាន ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម បានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែល្អប្រសើរ និងតួនាទីរបស់កម្ពុជា លើឆាកអន្តរជាតិ កាន់តែត្រូវបានលើកកម្ពស់។ ភាគីមិត្ត បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាចំពោះភាពជាម្ចាស់ និងមាគ៌ាដឹកនាំរបស់ខ្លួន ក្នុងការការពារសន្តិភាព អធិបតេយ្យភាព និងការអភិវឌ្ឍ ដោយគ្មានការជ្រៀតជ្រែកពីខាងក្រៅ។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណបក្សកុម្មុយនីស្តចិន ដែលជានិច្ចជាកាល តែងតែជួយឧបត្តម្ភគាំទ្រដល់គណបក្ស រដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានស្នើឱ្យមិត្តចិនបន្តជួយសម្រួលដល់និសិ្សតកម្ពុជា ក្នុងការវិលត្រលប់ទៅបន្តការសិក្សានៅប្រទេសចិនវិញ និងជួយជំរុញវិនិយោគិនចិន ឱ្យមកវិនិយោគ លើវិស័យកសិកម្ម និងបន្តជំរុញឱ្យមានអ្នកទេសចរណ៍មកទស្សនកិច្ចនៅកម្ពុជាកាន់តែច្រើន ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ បានល្អប្រសើរ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានជម្រាបជូនភាគីចិនថា គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាប្រទេសកាន់អំណាច ប្រកាន់ខ្ជាប់ចំពោះគោលនយោបាយចិនតែមួយឥតងាករេ នៅគ្រប់កាលៈទេសៈទាំងអស់។ លោកបណ្ឌិត ក៏បានប្តេជ្ញាបន្តធ្វើការជាមួយភាគីចិន ក្នុងការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីសន្តិភាព វិបុលភាពរួម និងផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ជាទីបញ្ចប់ ភាគីទាំងពីរ បានឯកភាពបន្តពង្រឹង និងពង្រីកនូវចំណងមិត្តភាពដែកថែប និងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន៕