«សូមបងប្អូនមើលថែកូនចៅអោយបានល្អផង មានមនុស្សប្លែកមុខចាប់កូនស្រីខ្ញុំដាក់លើម៉ូតូ តែសំណាងកូនខ្ញុំគាត់លោកចេញទាន់ នៅភូមិបឹងដូនប៉ា ញ័រខ្លួនមិនទាន់បាត់ទេ»
ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបមានកិត្តិយសសូមគោរពជម្រាបជូនអ្នកនិយមតាមដានព័ត៌មាននៅលើបណ្ដាញទំនាក់ទំនងសង្គមFacebook និងសាធារណជនមេត្តាជ្រាបថា៖ កន្លងទៅថ្មីៗនេះមានគណនីហ្វេកប៊ុក (Account Facebook )ឈ្មោះ Sim solika បានសរសេរនិងបង្ហោះនៅតាមបណ្ដាញទំនាកទំនងសង្គមដែលមានខ្លឹមសារ ” សូមបងប្អូនមើលថែកូនចៅអោយបានល្អផង មានមនុស្សប្លែកមុខចាប់កូនស្រីខ្ញុំដាក់លើម៉ូតូ តែសំណាងកូនខ្ញុំគាត់លោកចេញទាន់ នៅភូមិបឹងដូនប៉ា ញ័រខ្លួនមិនទាន់បាត់ទេ” ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាទៅកាន់លោកឧត្តសេនីយ៍ត្រី ភឹង ចន្ដារ៉េត ស្នងការរងទទួលផែនការងារនគរព្រហ្មទណ្ឌ ដើម្បីចុះស្រាវជ្រាវជាបន្ទាន់ ដែលជាលទ្ធផលទទួលបានគឺ ៖
ជាក់ស្ដែងនៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានចុះស្រាវជ្រាវ ស៊ើបអង្កេត ជុំវិញករណី គណនីហ្វេកប៊ុ (Account Facebook) ឈ្មោះ Sim solika ដែលបានសរសេរបង្ហោះថា”សូមបងប្អូនមើលថែកូនចៅអោយបានល្អផង មានមនុស្សប្លែកមុខចាប់កូនស្រីខ្ញុំដាក់លើម៉ូតូ តែសំណាងកូនខ្ញុំគាត់លោកចេញទាន់ នៅភូមិបឹងដូនប៉ា ញ័រខ្លួនមិនទាន់បាត់ទេ” សមត្ថកិច្ចជំនាញយើងបានចុះទៅដល់កន្លែងកើតហេតុ និង ធ្វើការបំភ្លឺក្មេងស្រីរងគ្រោះ ឈ្មោះ កុល អ៊ុននីន ភេទស្រី អាយុ ១០ឆ្នាំ ជាសិស្ស បច្ចុប្បន្នរស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
ក្រោយពេលសាកសួរចប់ ទើបដឹងថា ករណីដែលម្តាយរបស់ក្មេងស្រីរងគ្រោះ សរសេរបង្ហោះខាងលើនេះ មិនមែនជាការពិត នោះទេ ដោយសារម្តាយ និងឪពុករបស់ក្មេងស្រីរងគ្រោះ ឈ្លោះគ្នា ទើបក្មេងស្រីរងគ្រោះ ប្រឌិតរឿងឡើង គោលបំណង ចង់ឲ្យឪពុក និង ម្តាយត្រូវគ្នាវិញប៉ុណ្ណោះ ។ រីឯឈ្មោះ ស៊ឹម សូរីកា ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរ បុគ្គលិកសណ្ឋាគារ បច្ចុប្បន្នរស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលត្រូវជាម្ចាស់គណនីហ្វេកប៊ុក(Account Facebook)ឈ្មោះ sim solika និងត្រូវជាម្តាយក្មេងស្រីរងគ្រោះ ពេលនេះ រូបគាត់បានទទួលស្គាល់កំហុស។ ហើយសមត្ថកិច្ចបានធ្វើការណែនាំឲ្យគាត់ សរសេរសុំទោសជាសាធារណះ នៅលើទំព័រ Facebook របស់គាត់វិញ និងលុបចោលនៅការសរសេរបង្ហោះរបស់គាត់ ដែលចោទថា មានមនុស្សចាប់កូនស្រីរបស់គាត់ ដើម្បីកុំឲ្យមានការយល់ច្រឡំបន្តទៀត ។
ទន្ទឹមនឹងនេះដែរស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងអនេកចំពោះបងប្អូនប្រជាពលរដ្ឋអ្នកសារព័ត៌មានដែលតែងតែចូលរួមផ្ដល់ព័ត៌មានពិតក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសង្គមជាពិសេសចូលរួមអនុវត្តនូវលក្ខណៈសម្បត្តិទាំង ៧ យ៉ាងនៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
អាស្រ័យហេតុនេះសូមអ្នកសារព័ត៌មាន បណ្ដាអ្នកនិយមតាមដានព័ត៌មាននៅតាមបណ្ដាញសង្គមទំនាក់ទំនងសង្គមFacebook និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕