ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ស្មារតីនៃវប្បធម៌ និងប្រពៃណីចែករំលែក ពីសំណាក់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស បានជួយដល់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធយកឈ្នះជំងឺកូវីដ-១៩

(រាជធានីភ្នំពេញ)៖ នាល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមពិធីពិសារអាហារសាមគ្គីជាមួយសមាគមសិល្បៈវប្បធម៌ខែ្មរ, សមាគមឱសថស្ថាន  (NEXTY PHARM) និងសមាគមគ្រូពេទ្យ  មកពីប្រទេសបារាំង  និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប ចំនួនប្រមាណជាង ៤០០ នាក់ នៅភោជនីដ្ឋានប៉ោកី ក្នុងរាជធានីភ្នំពេញ។

ថ្លែងឱកាសជួបជុំដ៏សប្បាយរីករាយនោះ ឯកឧត្តម ហ៊ុន  ម៉ាណែត បានសម្តែងនូវការអរគុណចំពោះសមាគមទាំងបីមកពីប្រទេសបារាំង  ដែលបានជួយដល់ប្រជាជនកម្ពុជាតាមរយៈសកម្មភាពសង្គម និងមនុស្សជាច្រើន រួមមាន៖ ការរៀបចំព្រឹត្តិការណ៍សិល្បៈវប្បធម៌, ការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ, ការផ្តល់ជំនួយមនុស្សធម៌ជួយដល់ជនរងគ្រោះនៃគ្រោះផ្សេងៗ  និងជាពិសេសបានចូលរួមជាមួយរាជរដ្ឋាភិបាលជួយដល់ជនរងគ្រោះក្នុងវិបត្តិនៃជំងឺកូវីដ-១៩។  ជាមួយគ្នានោះ ឯកឧត្តម ក៏បានកោតសរសើរផងដែរចំពោះសមាគមសិល្បៈវប្បធម៌ខ្មែរ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ថែរក្សាអភិរក្សសិល្បៈវប្បធម៌ ទំនៀមទំលាប់ប្រពៃណី និងរក្សាអត្តសញ្ញាណជាតិខ្មែរនៅក្នុងប្រទេសបារាំង។ កត្តាទាំងនេះ គឺពិតជាបានបង្ហាញអំពីភាពខ្លាំងក្លា នៃកម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរតាមរយៈការភ្ជាប់ទំនាក់ទំនងគ្នារវាងអ្នករស់នៅក្រៅប្រទេស និងអ្នករស់នៅក្នុងប្រទេស ក្រោមស្មារតីខ្មែរតែមួយ ដែលតែងជួយគ្នាទៅវិញទៅមក ហើយកម្លាំងសាមគ្គីភាពដ៏រឹងមាំនេះនឹងនៅបន្តទៅទៀតក្រោមបរិយាកាសសុខសន្តិភាពដែល សម្តេចតេជោ បេ្តជ្ញាការពារថែរក្សាឱ្យគង់វង្សឋិតថេរយូរអង្វែងច្រើនជំនាន់តរៀងទៅ។

ឯកឧត្តម  បណ្ឌិត បានមានប្រសាសន៍បន្តទៀតថា  ប្រទេសយើងតូច ហើយធនធានមានកំណត់ ប៉ុន្តែបានបោះជំហានឈានមុខគេក្នុងការគ្រប់គ្រងវិបត្តិជំងឺកូវីដ-១៩ ដោយបានបង្ការផលប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ  និងបានដំណើរការបើកប្រទេសទ្បើងវិញលើគ្រប់វិស័យ ដែលនេះមិនមែនជាការចៃដន្យនោះទេ ប៉ុន្តែគឺបានកើតចេញពីការដឹកនាំច្បាស់លាស់  និងវៃឆ្លាតរបស់ សម្តេចតេជោ  នាយករដ្ឋមន្ត្រី ជាមួយនឹងការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសស្មារតីនៃវប្បធម៌  និងប្រពៃណីចែករំលែក ពីសំណាក់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស   ទាំងស្មារតី ធនធានថវិកា និងសម្ភារ  បានជួយដល់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធយកឈ្នះជំងឺដ៏កាចសាហាវមួយនេះ។  

ជាចុងក្រោយ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប ដែលបានយកអស់កម្លាំងកាយចិត្តជួយផ្សារភ្ជាប់នូវទំនាក់ទំនងរវាងបងប្អូនខ្មែររស់នៅក្រៅស្រុក និងក្នុងស្រុកតាមរយៈការបើកឱកាសរួមគ្នាឱ្យមានការផ្លាស់ប្តូរបទពិសោធន៏ខាងផ្នែកសិល្បៈ វប្បធម៌ និងកីទ្បា ព្រមទាំងសកម្មភាពសង្គម និងសប្បុរសធម៌នានា ហើយលើសពីនេះក៏បានរៀបចំកម្មវិធីជួបជុំដ៏មានអត្ថន័យនេះទ្បើង ដើម្បីអបអរសាទរដល់សមិទ្ធផលទាំងទ្បាយដែលសម្រេចបានរួមគ្នាក្នុងរយៈកាលកន្លងមក។

គួរបញ្ជាក់ផងដែរថា  សមាគមឱសថស្ថាន  (NEXTY PHARM) និងសមាគមគ្រូពេទ្យ មកពីប្រទេសបារាំង តែងបានអញ្ជើញមកប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ ដើម្បីបំពេញកិច្ចការមនុស្សធម៌ និងផ្តល់ការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ហើយឆ្នាំនេះ ក៏ជាឆ្នាំទីមួយផងដែរ ដែលគណៈប្រតិភូ សមាគមសិល្បៈវប្បធម៌ខ្មែរ បានចូលរួមនៅក្នុងដំណើរទស្សនកិច្ចប្រកបដោយអត្ថន័យនេះ តាមរយៈការរៀបចំព្រឹត្តការណ៍ «សិល្បៈខ្មែរ» នៅសាលសន្និសីទចតុមុខ ការសម្តែងសិល្បៈរបាំបុរាណខ្មែរ នៅខេត្តសៀមរាបកន្លងទៅថ្មីៗនេះ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close