កម្ពុជាស្នើសុំមន្ត្រីគយថៃច្រកព្រំដែន សម្រួលការទិញស្បៀងផ្គត់ផ្គត់ជីវភាព និងចូលព្យាបាលជំងឺរបស់ប្រជាជន

(ព្រំដែនកម្ពុជា/ថៃ)៖ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានស្នើសុំភ្នាក់ងារគយថៃប្រចាំច្រកឆុងចមនៃខេត្តសុរិន្ទ ពិចារណាលើកលែងការយកកម្រៃពន្ធពីប្រជាជនកម្ពុជា ដែលបានឆ្លងដែនចូលទៅទិញទំនិញបន្តិចបន្តួចពីផ្សារថៃ ដើម្បីយកមកប្រើប្រាស់ជាលក្ខណៈគ្រួសារមិនមែនពាណិជ្ជកម្ម កំឡុងពេលស្ថានភាពជំងឺកូវីដ១៩ មិនទាន់ធូរស្រាល។

សំណើខាងលើបានធ្វើឡើងនាឱកាសដឹកនាំប្រតិភូស្ថានទូត ចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយលោកឧត្តមសេនីយ៍ទោ ភុងថេប កែវឆៃយោ អគ្គនាយកនៃនាយកដ្ឋានកិច្ចការព្រំដែនទូទៅ នៃអគ្គបញ្ជាការដ្ឋានកងទ័ពភូមិន្ទថៃ និងជាលេខាធិការដ្ឋាន GBC ថៃ-កម្ពុជា កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅច្រកទ្វារព្រំដែនអន្តរជាតិ ឆុងចម ខេត្តសុរិន្ទ និងអូរស្មាច់ ខេត្តឧត្តរមានជ័យ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានស្នើសុំភាគីថៃ ជួយសម្រួលការធ្វើដំណើរចេញចូលមកពិនិត្យ និងព្យាបាលជំងឺរបស់ប្រជាជនកម្ពុជា ជាពិសេសអ្នកជំងឺកម្រិតធ្ងន់ដែលត្រូវការសង្គ្រោះបន្ទាន់ ដោយគ្រាន់តែមានលិខិតបញ្ជាក់ពីក្រុមការងារព្រំដែនកម្ពុជា-ថៃ ដូចកាលដែលមិនទាន់មានវិបត្តិជំងឺកូវីដ១៩។

ជាការឆ្លើយតប ភាគីថៃបានសន្យាពិចារណាសំណើខាងលើ ចំណែកបញ្ហាលើកលែងពន្ធសម្រាប់ទំនិញគ្រួសារ ភាគីទាំងពីរឯកភាពនឹងបង្កើតគ្រុបតេឡេក្រាមរួម ដើម្បីផ្លាស់ប្តូរព័ត៌មានជូនគ្នាទៅវិញទៅមក និងបំពេញរាល់ចន្លោះខ្វះខាតប្រកបដោយភារតភាព។

អត្ថបទដែលជាប់ទាក់ទង
Open

Close