ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បញ្ជាអធិការស្រុកអង្គស្នួល ស្រាវជ្រាវបន្ទាន់!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វេីការបំភ្លឺឆ្លេីយតបជូនសាធារណជនទៅនឹងគេហទំព័រសារព័ត៌មាន «ស៊ីអិនធី​ ហតញូយ៍​» ដែលបានចុះផ្សាយ​ថា ទីតាំងបើកល្បែងស៊ីសងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ កំពុងតែពេញនិយម នៅក្នុងភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ប្រជាពលរដ្ឋសំណូមពរលោក មាន សំណាង អធិការស្រុកអង្គស្នួល ចាត់កម្លាំងចុះបង្ក្រាបផង។

ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវករណីខាង។

ជាលទ្ធផល៖នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២​ វេលាម៉ោង១៤.០០នាទី​ លោកអធិការ បានបញ្ជាលោកអនុសេនីយ៍ឯក ស៊ីម ករុណា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលពើក​ ដឹកនាំមន្រ្តីក្រោមឱវាទ ចុះទៅដល់ទីតាំងខាងលើម្ចាស់ទីតាំងឈ្មោះ ណែម ចន្នី ភេទស្រី អាយុ៣១ឆ្នាំ នៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ម្ចាស់ទីតាំងមិននៅផ្ទះទេ។ ក្រោយកម្លាំងសមត្ថកិច្ចពិនិត្យជាក់ស្ដែង មិនមានឃើញបើកបញ្ចាំងមានជល់មាន់តាមកញ្ចក់ទូរទស្សន៍ឡើយ ឃើញមានតែឆ្នោតឡូតូ ក្រុមហ៊ុន ភី អេច វី សុី ធី អេ ២៨៨៨ ឯ.ក​ (ទ្បូតូ៨៨៨៨) ប៉ុណ្ណោះ​។

ជាចំណាត់ការ : កម្លាំងប៉ុស្តិ៍​នគរបាលរដ្ឋបាលពើក បានធ្វើការអប់រំនិងកិច្ចសន្យាដល់បុគ្គលិកឆ្នោតឡូតូខាងលើ មិនឱ្យមានបើកលេងល្បែងស៊ីសងខុសច្បាប់​ អនឡាញតាមកញ្ចក់ទូរទស្សន៍ឡើយ ហើយគាត់បានឯកភាព។
ចំពោះទីតាំងខាងលើនេះមិនដែលឃើញលេងល្បែងស៊ីសងមាន់ជល់អនឡាញតាមកញ្ចក់ទូរទស្សន៍ទោះទេ ហើយក៏សមត្ថកិច្ចមិនដែលធ្លាប់ធ្វើកិច្ចសន្យាដែរ។

ដោយពិនិត្យឃើញអាជ្ញាបណ្ណអាជីវកម្មនោះហួសសុពលភាព សមត្ថកិច្ចបានផ្អាកជាបណ្តោះអាសន្ន​ រង់ចាំបន្តសុពលភាពអាជ្ញាបណ្ណថ្មី​ទើបអាចបើកដំណើរការវិញបាន។

អាស្រ័យហេតុនេះ​ សូមសាធារណជនដែលប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គម​ មេត្តាជ្រាប​ជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close