លោក មាស តុលា​ ៖ ត្រីសណ្តាយ ជិតផុតពូជឬនៅ? 

ភ្នំពេញ៖  នាល្ងាចថ្ងៃទី១៦ តុលា ២០២២ នេះ លោក មាស តុលា​ ពិធីករ កម្មវិធី 60BOZZ  លើកឡើងក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា ៖ មហា​ជនសំណូមពរ​អោយ​ក្រុម​អ្នក​ស្ទូច​ត្រី​ អោយ​ព្រលែង​ត្រី​សណ្តាយ​ដ៏​ធំក្បាល​ចង់​ប្រហែល​ខ្លួន​មនុស្ស​ចូល​ទន្លេ​វិញ​ ព្រោះ​ត្រី​នេះ​ ជា​ប្រភេទ​ត្រីកម្រ​ និង​ជិត​ផុត​ពូជ​ ។ តាម​រយៈ​វីដេអូ​ឃ្លីបមួយ​ ដែល​បាន​បង្ហោះ​នៅ​លេី​គណនី​ tiktok ឈ្មោះ​ តាស្វិត​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០២២​នេះ​ បាន​បង្ហាញ​ពី​សកម្ម​ភាព​របស់​ក្រុម​អ្នក​ជំនាញ​ស្ទូច​ត្រី​ ស្ទូច​បាន​ត្រី​សណ្តាយ​ដ៏​ធំ​មួយក្បាល​នៅ​ក្នុងទន្លេ​ស្ទឹង​ត្រែង​ ហេីយ​ត្រី​សណ្តាយ​នោះ​មិន​ទាន់​ងាប់​នៅ​ឡេីយ​ទេ​ ។ ក្នុង​វីដេអូ​ដែល​នោះ​ គេ​ឃេីញ​ក្រុម​អ្នក​សន្ទូច​ត្រី​បាន​ស្រែក​ហោរ​កញ្ចៀវ​សេីច​ក្អាក​ក្អាយ​ នៅ​ពេល​ដែល​ស្ទូច​ត្រី​ដ៏​កម្រ​នេះ​បាន​ ។ បន្ទាប់​ពី​បាន​ទស្សនា​នូវ​វីដេអូ​ឃ្លីប​នោះ​ហេីយ​ គេ​ឃេីញ​មហា​ជន​ដែល​និយម​ចូល​ចិត្ត​លេង​បណ្តាញ​សង្គម​ tiktok បាន​នាំ​គ្នា​ចូល​ទៅ​ខមិន​ សំណូម​ពរ​អោយក្រុម​អ្នក​ជំនាញ​ស្ទូច​ត្រី​ទាំង​នោះ​ ធ្វេី​ការ​ព្រលែង​ត្រី​សណ្តាយ​ដ៏​ធំ​នោះ​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​វិញ​ទៅ​ ដេីម្បី​ថែ​រក្សា​ការ​ពារ​ត្រី​ដែល​ជិត​ផុត​ពូជ​ប្រភេទ​នេះ​ ។ ទោះ​បី​ជា​យ៉ាង​ណា​ គេ​នៅ​មិនទាន់ដឹង​ថា​ តេី​ក្រុម​អ្នក​ជំនាញ​ស្ទូច​ត្រី​ទាំង​នោះ​ បាន​ព្រលែង​ត្រី​សណ្តាយ​ដ៏​ធំ​មួយ​ក្បាល​នោះ​ចូល​ទៅក្នុង​ទន្លេ​វិញ​នៅ​ឡេីយ​ទេ​ បន្ទាប់​ពី​មាន​ការ​សំណូម​ពរ​ពី​សំណាក់​មហា​ជន​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ត្រីសណ្តាយ ជាប្រភេទត្រីល្មោភ​ស៊ី មិនចេះឆ្អែត​ដ៏ធំមួយ ដែលស៊ីសាច់ជាអាហារ និងធំលួត លាស់នៅតាមមាត់ច្រាំងទន្លេ អូរ ដែលមានដុះ​ស្មៅ​ និង ភាគច្រើន វាលាក់ខ្លួននៅក្នុងរន្ធ ។

ត្រីសណ្តាយ ជាប្រភេទ​ត្រី​ដែលមានសកម្មភាពយឺត ស្ងប់ស្ងាត់ ស្វែងរកចំណីនៅបាតទន្លេជ្រៅ​ ទឹកនឹង ឬទឹកហូរតិចៗ ព្រមទាំងនៅស្រទាប់បាតក្រោម​មានភក់ ឬល្បាប់ជា​ដេីម​ ។ ត្រីសណ្តាយវ័យជំទង់ អាហារចម្បងរបស់ វា គឺសត្វល្អិត ចំណែកឯត្រីពេញវ័យ ស៊ីត្រីតូចៗ កំពិស ក្តាម ។ វា​ធ្វេី​ចរាចរ ផ្លាស់ទីចូលទៅក្នុងស្ទឹងតូចៗ ប្រឡាយ និងតំបន់លិចទឹក ក្នុង រដូវទឹកជំនន់ ដើម្បីពង – កូន ។ ជាទូទៅ​ត្រី​ប្រភេទនេះ ពង ដាក់ជាប់នឹងរុក្ខជាតិដែលដុះក្នុងទឹក ឬស្មៅ​ ហើយវានឹង​ញាស់នៅក្នុងរយៈពេលបីថ្ងៃ​ក្រោយ​ ។

នៅពេលកម្រិតទឹកជំនន់ទន្លេមេគង្គស្រកចុះ ត្រីសណ្តាយ ក៏វិលត្រឡប់ចូល មេគង្គ ឬដៃទន្លេធំៗវិញ ហេីយ​ទីដែលវាស្នាក់ គឺ​នៅក្នុងអាងទឹកជ្រៅ​ទាំងនោះ រហូតដល់រដូវទឹកជំនន់លើកក្រោយ​ចូលមកដល់ ។ ត្រីសណ្តាយ ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Near Threatened) ជា ប្រភេទត្រី​កំពុងឈានទៅរងការគំរាមកំហែងរងគ្រោះផុត ពូជក្នុងឆ្នាំ ២០១០ ។
គេសង្កេត​ឃេីញ​ថា​ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុង​ក្រោយ​នេះ ការប្រែប្រួលអាកាសធាតុ ការនេសាទហួសកម្រិត ការ​ប្រេី​ប្រាស់​ឧបករណ៍ខុសច្បាប់ ដោយប្រេី​ចរន្តអគ្គិសនីឆក់ ដែល គេនិយមហៅថា ឆក់ក្តៅ​ ឬ​ឆក់ត្រជាក់ ដែលជាឧបករណ៍ នេសាទដ៏គ្រោះ​បំផុតសម្រាប់មច្ឆជាតិ និងការសាងសង់ ទំនប់វារិ អគ្គីសនី សុទ្ធតែជាបញ្ហាប្រឈមដល់កំណើតពួកវា ។ ទៅ​ថ្ងៃ​អនាគត ប្រភេទត្រីមួយ​ចំនួននៅក្នុងប្រទេសកម្ពុជា អាចនឹងឈានទៅផុតពូជ បើពុំមានការចូលរួមពីមជ្ឈដ្ឋាន ទូទៅ ដើម្បីថែរក្សាការពារធនធានមច្ឆជាតិ​របស់​យើងទាំងអស់គ្នាទេនោះ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close