ឃាត់ខ្លួន ក្រុមចោរឆក់ទូរស័ព្ទដៃ ៣នាក់ 

បាត់ដំបង៖ យោងតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនិតិវិធីដោយលោកកែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ទើបលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដឹកនាំកម្លាំង កងអន្តរាគមន៍បង្ការ បង្រ្កាប ចុះស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យទាំង៣នាក់នោះមានឈ្មោះដូចតទៅ៖ទី១-ឈ្មោះឡេង ហេង ភេទប្រុស អាយុ១៩ឆ្នាំ ទី២-ឈ្មោះ លី សីុថា ភេទប្រុស អាយុ២១ឆ្នាំ ទី៣-ឈ្មោះ លួម ចាន់ថា ភេទប្រុស អាយុ២១ឆ្នាំ ពួកគេទាំង៣នាក់មានទីលំនៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ក្រុមចោរទាំង៣នាក់ខាងលើបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿងម៉ាកOPPO F9 ពណ៌ខៀវពីនារីរងគ្រោះឈ្មោះ សោ ថាវន្ត ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅក្នុងក្នុងភូមិស្តីស្ទឹង ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចក្រុមទី១ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានពីជនសង្ស័យរួមមាន៖ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ១គ្រឿង សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ បាត់ដំបង1AF-7425 ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព ចំណែកទូរស័ព្ទដៃ ជាកម្មសិទ្ធិរបស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានកម្លាំងនគរបាលជំនាញកំពុងធ្វើការសាកសួរនិងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមផ្លូវច្បាប់៕ ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close