ផ្សាយចំៗថា «តើពិតដូចការសង្ស័យ របស់ប្រជាពលរដ្ឋថា ទីតាំងបើកល្បែងជល់មាន់អនឡាញ ក្នុងក្រុងសៀមរាប គឺជាឆ្នាំងបាយរបស់មន្ត្រីស្នងការខេត្ត ទើបគ្មានវិធានការណាចុះបង្ក្រាប?»
សេចក្តីបំភ្លឺក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបមានកិត្តិយសសូមគោរពជម្រាបជូនអ្នកនិយមតាមដានព័ត៌មាននៅលើបណ្ដាញទំនាក់ទំនងសង្គមFacebook និងសាធារណជនមេត្តាជ្រាបថា៖ កន្លងទៅថ្មីៗនេះមានសារព័ត៌មាន រស្មីក្រុងតាខ្មៅ បានសរសេរ និងបង្ហោះព័ត៌មាន នៅតាមបណ្ដាញទំនាក់ទំនងសង្គម ដែលមានខ្លឹមសារថា៖ ”តើពិតដូចការសង្ស័យរបស់ប្រជាពលរដ្ឋថា ទីតាំងបើកល្បែងជល់មាន់អនឡាញ ក្នុងក្រុងសៀមរាប គឺជាឆ្នាំងបាយរបស់មន្ត្រីស្នងការខេត្ត ទើបគ្មានវិធានការណាចុះបង្ក្រាប”។
បន្ទាប់ពីបានទទួលព័ត៌មានខាងលើភ្លាម លោកឧត្ដមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាទៅកាន់លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប ដើម្បីធ្វើការចុះស្រាវជ្រាវជាបន្ទាន់ដែលលទ្ធផលទទួលបាន មានដូចខាងក្រោម៖
ជាក់ស្ដែង នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០២២ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងនៃប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាកំរើក បានចុះស្រាវជ្រាវទៅដល់ទីតាំង ហាងកាហ្វេឈ្មោះ ណូគា ដែលស្ថិតនៅ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ពិនិត្យឃើញថា៖ នៅក្នុងហាងកាហ្វេនេះមានប្រជាពលរដ្ឋអង្គុយមើលវីដេអូ និងផឹកកាហ្វេធម្មតា ដែលនៅក្នុងហាងនេះមាន បំពាក់កញ្ចក់ LCD សរុបចំនួន ០៦គ្រឿង នៅលើជញ្ជាំងហាង (ចំនួន ០៤គ្រឿង សម្រាប់មើលវីដេអូរឿងផ្សេងៗនិង ០២គ្រឿងទៀត សម្រាប់មើលការជាន់មាន់តាមអនឡាញ) ប៉ុន្តែ មិនមានការភ្នាល់ដាក់លុយអ្វីនោះទេ។
ក្រោយពីពិនិត្យឃើញយ៉ាងដូច្នេះ សមត្ថកិច្ចបានធ្វើកិច្ចសន្យាចំពោះអ្នកគ្រប់គ្រងហាងនេះ ដែលមាន ឈ្មោះ គង់ ផេង ភេទប្រុស អាយុ ៤៤ ឆ្នាំ ឲ្យបញ្ឈប់សកម្មភាពផ្សាយបន្តផ្ទាល់អំពីការជល់មាន់តាមអនឡាញ បង្ការកុំឲ្យមានការលេងភ្នាល់ដាក់លុយ និង ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងហាងនេះ។
ទន្ទឹមនឹងនេះដែរ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងអនេកចំពោះបងប្អូនប្រជាពលរដ្ឋ អ្នកសារព័ត៌មានដែលតែងតែចូលរួមផ្ដល់ព័ត៌មានពិត ក្នុងន័យស្ថាបនា ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសង្គមជា ពិសេស ចូលរួមអនុវត្តនូវលក្ខណៈសម្បត្តិទាំង ៧យ៉ាងនៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពរបស់ រាជរដ្ឋាភិបាលកម្ពុជា។
អាស្រ័យហេតុនេះ សូមអ្នកសារព័ត៌មាន បណ្ដាអ្នកនិយមតាមដានព័ត៌មាន នៅតាមបណ្ដាញសង្គមទំនាក់ទំនងសង្គមFacebook និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕