ខេត្តព្រះសីហនុ៖ យោងតាម ដំណឹងបឋម បុរសជនជាតិចិនម្នាក់ត្រូវបានក្រុមជនល្មើសចាក់ដោយកាំបិតចុងស្រួច រួចបាញ់សម្លាប់ដោយកាំភ្លើងខ្លី វេលាម៉ោងជាង១យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី៩សីហា២០២២ នៅចំណុចឆ្នេរអូត្រេះ (មុខសណ្ឋាគា៥២០ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ។
របាយការណ៏ពីសមត្ថកិច្ចឲ្យដឹងបន្ថែមថា ក្រោយកើតហេតុជនបង្កនិងបក្សពួកបានរត់គេចខ្លួនតាមរថយន្តមួយគ្រឿងម៉ាក ឡង់គ្រីស័រ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2BA-6111 បើកបរចេញពីក្រុងព្រះសីហនុតាមផ្លូវជាតិលេខ៤ ក្នុងនោះកម្លាំងសមត្ថកិច្ចចំរុះក៏ធ្វើប្រតិបត្តិការពួន ស្ទាក់និងតាមឃាត់រថយន្តនេះ ហើយពេលបើករត់មកដល់ចំណុចភូមិអណូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រថយន្តនេះដែលកំពុងបើករត់គេចក្នុងល្បឿនលឿន បានរេ ចង្កូតមកខាងឆ្វេងដៃ (ទិសដៅទៅភ្នំពេញ) ក៏ជ្រុលទៅបុកបង្គោលភ្លើងក្បែរទៅមុខលែងរួច។
ក្រោយការពិនិត្យសមត្ថកិច្ចឲ្យដឹងថា ក្នុងរថយន្តនេះមានមនុស្សជិះចំនួន០៤នាក់ ប្រុសទាំងអស់ (ជនជាតិចិន) ហើយដោយសារតែរថយន្តបុកផ្ទប់នឹងបង្គោលភ្លើងក្នុងស្ថានភាពធ្ងន់ធ្ងរ បណ្តាលឲ្យអ្នកជិះក្នុងរថយន្តនេះ២នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់។ នៅក្នុងរថយន្តសមត្ថកិច្ចរកឃើញកាំភ្លើងខ្លីចំនួន០១ដើម ម៉ាកCF,កាំបិតតូចចុងស្រួចប្រឡាក់ឈាម០១ដើម, ខ្នោះដៃ និងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យចំនួន០២នាក់ (ដែលរងរបួស) និងសាកសព២នាក់ទៀត បានបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តព្រះសីហនុ ដើម្បីដោះស្រាយបន្តនិងស្រាវជ្រាវបន្ថែមពីសាវតារឿងហេតុនាំឲ្យមានអំពើបាញ់ប្រហារនេះ និងស្រាវជ្រាវពីអត្តសញ្ញាញទាំងជនរងគ្រោះនិងជនបង្កតាមនិតិវិធី៕