ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឆ្លៀតយកពេលវេលាថ្ងៃសម្រាកចុងសប្តាហ៍នេះ ធ្វើការឆ្លើយតបនឹងការផ្តល់មតិក្នុងហ្វេសប៊ុករបស់លោក អំពីករណី នាពេលកន្លងទៅ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី សូមគោរពអរគុណចំពោះការបញ្ចេញមតិនៅពេលដែល រូបលោកបានបង្ហោះផ្សព្វផ្សាយនូវព័ត៌មាននានា នេះជាសិទ្ធិសេរីភាពរបស់បុគ្គលគ្រប់រូប រស់នៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជា។ រាល់ការបញ្ចេញមតិ ឬផ្តល់ជាគំនិតនេះ មិនខុសទេ ប៉ុន្តែពេលខ្លះ គឺជាការយល់ឃើញ របស់បុគ្គលម្នាក់ៗ ដែលមិនទាន់ស្រប ទៅតាមច្បាប់។
ករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានជម្រាបជូនកាលពីថ្ងៃទី០៥ ខែសីហា ថា “… កំពុងធ្វើការ ស្រាវជ្រាវ ដើម្បីរកការពិត…” លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បញ្ជាក់យ៉ាងច្បាស់ថា យើងខ្ញុំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនស្របនឹងច្បាប់ វិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ មិនអាចបំពេញការងារតាមអារម្មណ៍ទេ។
ចំណុចនេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី សូមគោរពបញ្ជាក់ជូនសាធារណជន អ្នកសារព័ត៌មាន បុគ្គលពាក់ព័ន្ធជ្រាបថា នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌបានចែងច្បាស់ថា “មន្ត្រីនគរបាលយុត្តិធម៌ធ្វើការស៊ើបអង្កេតបទល្មើសជាក់ស្តែង និងធ្វើការស៊ើបអង្កេតបឋម…។
អំណាចទាំងឡាយ ដែលផ្តល់ឱ្យមន្ត្រីនគរបាលយុត្តិធម៌ ខុសគ្នាទៅតាមពេលដែលមន្ដ្រីនោះបម្រើក្នុងក្របខណ្ឌនៃការស៊ើបអង្កេតបទល្មើសជាក់ស្តែង និងធ្វើការស៊ើបអង្កេតបឋម។” ចំពោះករណីដែលកើតឡើងនេះ ជាបទល្មើសមិនជាក់ស្តែង ទាមទារឱ្យយើងខ្ញុំធ្វើការស៊ើបអង្កេតបឋម តាមនីតិវិធិសិន មិនអាចឃាត់បុគ្គលណាដែលមិនទាន់រកឃើញមានវត្ថុតាង ឬសាក្សីបញ្ជាក់ច្បាស់លាស់នោះទេ។ យើងបានឃើញហើយស្លាកលេខរថយន្ត មុខមាត់បុគ្គលនោះ ប៉ុន្តែយើងខ្ញុំត្រូវទាមទារស្រាវជ្រាវបន្ថែមនូវអំពើដែលគាត់ប្រព្រឹត្ត តើល្មើសច្បាស់ ឬល្មើសវិន័យ ឬយ៉ាងណាទៀត?
ក្រោយពីទទួលបានព័ត៌មាន កងរាជអាវុធហត្ថ បានស្រាវជ្រាវរកឃើញបុគ្គលពាក់ព័ន្ធនោះហើយ ប៉ុន្ដែដូចខ្ញុំបាទបានលើកឡើងខាងលើ ទាមទារធ្វើការស៊ើបអង្កេតបឋម ទៅតាមនីតិវិធី និងមានការដឹកនាំ សម្របសម្រួលពីអយ្យការផងដែរ។
សូមគោរពអរគុណ យើងខ្ញុំរង់ចាំទទួល នូវព័ត៌មានពិតទាំងអស់ ពីសាធារណជន និងអ្នកសារព័ត៌មាន។