ព័ត៌មាន ផ្សាយថា មានជល់មានតាមទូរទស្សន៍ ប៉ូលិស ថា ពុំមានការលេងភ្នាល់ល្បែងសុីសង ជល់មាន់ តាមអនឡាញ នោះទេ!
សេចក្តីបំភ្លឺព័ត៌មាន ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សូមធ្វេីការបដិសេធ ចំពោះអ្នកសារព័ត៌មានមួយចំនួន ដែលបានយករូបចាស់ៗ មកចុះផ្សាយតាមគេហទំព័រ និងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក ពាក់ព័ន្ធនឹងថៅកែបនល្បែងអនឡាញជល់មាន់ខុសច្បាប់ កំពុងរីកមុខដូចគ្រាប់ជី ខណ:អាជ្ញាធរ និងសមត្ថកិច្ចមិនហ៊ានធ្វើការបង្ក្រាបព្រោះជាឆ្នាំបាយ ។
បន្ទាប់ពីទទួលបានព័ត៌មានចុះផ្សាយពាក់ព័ន្ធករណីលួចលេងល្បែងជល់មានតាមអនឡាញ ក្នុងមូលដ្ឋានស្រុកអន្លង់វែង នាពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ូ នូវ អធិការនគរបាលស្រុក ចុះធ្វេីការស្រាវជ្រាវ និងបង្រ្កាបលេីទីតាំងចំនួន០៤កន្លែង តាមប្រភពនៃការចុះផ្សាយព័ត៌មានរួមមាន ទី១ នៅចំណុចខាងលិចរង្វង់មូលចូលអន្លង់វែង ទី២ នៅជាប់លូបី ទី៣ នៅទួលទ្រាស និងទី៤ នៅខាងត្បូងផ្សារអន្លង់វែង ។
ជាលទ្ធផល ពេលចុះទៅដល់ទីតាំងខាងលេី សមត្ថកិច្ចជំនាញ បានពិនិត្យឃើញថា ពុំមានការលេងភ្នាល់ល្បែងសុីសងជល់មាន់តាមអនឡាញនោះទេ ។ ហើយកម្លាំងជំនាញក៏បានធ្វើការអប់រំម្ចាស់ហាងកាហ្វេទាំងអស់ ដោយធ្វើកិច្ចសន្យាអប់រំ កុំឲ្យប្រព្រឹត្តខុសដូចអ្វីដែលសារព័ត៌មានបានធ្វើការចុះផ្សាយ។
ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សូមថ្លែងអំណរគុណ ចំពោះសាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកនិយមតាមដានបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក ដែលសហការក្នុងការផ្តល់ព័ត៌មាន៕