ខេត្តបាត់ដំបង៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក៍ដូចជាលោកវវសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារព្រហ្មទណ្ឌកំរិតស្រាល ទើបលោកលោកវរសេនីយ៍ឯកឈឿង គឹមសុង ដឹកនាំកម្លាំងជំនាញ សហការជាមួយនគរបាលស្រុកបវេល និងលោកវីរសេនីយ៍ឯក សុខ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវមុខសញ្ញាលួចម៉ូតូប្រជាពលរដ្ឋក្នុងស្រុកបវេល ខេត្តបាត់ដំបង។
កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ មានជនជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើកម្មភាពចូលលួចយកម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1AB-7749 ជាកម្មសិទ្ធិរបស់របស់ជនរងគ្រោះ ឈ្មោះ ឆុន រីមសេង ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើត នៅភូមិគឹងណាយ ឃុំគឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ស្នាក់នៅបណ្តោះអាសន្ន នៅភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីលោកវរសេនីយ៍ឯកឈឿង គឹម នាយការិល័យព្រហ្មទណ្ឌកំរិតស្រាលបានអោយដឹងថា៖ក្រោយពេលជនសង្ស័យលួចយកម៉ូតូ របស់ជនរងគ្រោះបានសម្រេចហើយ ជិះម៉ូតូរត់គេចទៅលាក់ខ្លួននៅឯក្រុងប៉ោយប៉ែត ខេតបន្ទាយមានជ័យ។
លុះដល់វេលាម៉ោង១២និង៤នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ កម្លាំងនគរបាលជំនាញសហការគ្នាតាមស្ទាក់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ផល រិទ្ធិ ហៅ (អាខ្លា) នៅចំណុចភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោប៉េត ខេត្តបន្ទាយមានជ័យ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេតបាត់ដំបងដើម្បីធ្វើការសាកសួរនិងធ្វើកំណត់ហេតុ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតពីជនសង្ស័យរួមមាន៖ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ គ្មានស្លាកលេខ ១គ្រឿង និងម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២២ (គ្មានស្លាកលេខ) ជាកម្មសិទ្ធិរបស់ជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕ ដោយ សុខ កុសល