ពលរដ្ឋប្តឹង អាជ្ញាធរខណ្ឌចំការមន រឿង ការដ្ឋានសាងសង់អគារ ណាហ្គា៣ បង្ហូរទឹកចេញពីការដ្ឋាន បង្កអោយមានការកកស្ទះ ប្រព័ន្ធលូបង្ហូរទឹក
ភ្នំពេញ៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២
ដោយមានអនុញ្ញាតិពី លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមនក្រុមការងាររដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌ សហការជាមួយរដ្ឋបាលសង្កាត់ទន្លេបាសាក់ បានចុះពិនិត្យទីតាំងការដ្ឋានសាងសង់អគារ ណាហ្គា៣ តាមបណ្តឹងរបស់ប្រជាពលរដ្ឋ ស្តីពីការបង្ហូរទឹកចេញពីការដ្ឋាន បង្ករអោយមានការកកស្ទះ ប្រព័ន្ធលូបង្ហូរទឹក នៅតាមបណ្តោយផ្លូវ សុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយពីបានពិនិត្យ និងពិភាក្សារួចមកក្រុមការងារបានណែរនាំការដ្ឋានសំណង់ដូចខាងក្រោម ៖
១. ម្ចាស់ការដ្ឋានសំណង់ត្រូវធើ្វការស្តារប្រព័ន្ធលូនៅតាមបណ្តោយផ្លូវសុធារស និងបណ្តោយផ្លូវលំ ចំហៀងស្ថានរុស្សីជាបន្ទាន់។
២. ម្ចាស់ការដ្ឋានសំណង់ត្រូវ ធ្វើអាងស្តុកទឹកដើម្បីចំរោះដីភក់ក្នុងការដ្ឋានមួយជំហ៊ានសិន មុនបូមទឹកបង្ហូរចូលទៅក្នុងប្រព័ន្ធលូសាធារណៈ។
៣. ម្ចាស់ការដ្ឋានសំណង់ត្រូវពិនិត្យ និងតាមដានប្រព័ន្ធបង្ហូរទឹកលូ និងអណ្តូងលូជាប្រចាំ ក្នុងករណីមានការកកស្ទះ ត្រូវស្តារជាបន្ទាន់ ។