មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត នៃសាធារដ្ឋកូរ៉េ ប្រចាំកម្ពុជា
ភ្នំពេញ៖ នារសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ផាក ហ៊ឹងខ្យង់ (Park Heung-Kyeong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា និងអមដោយវត្តមានរបស់អនុព័ន្ធយោធា នៃសាធារណកូរ៉េទាំងចាស់ និងថ្មីចំនួន ០២ រូប ដើម្បីណែនាំខ្លួន និងជម្រាបលា។
ក្នុងជំនួបនេះ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើននៃទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ និងបានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការបន្តថែរក្សានិរន្តរភាពនៃទំនាក់ទំនងដ៏ល្អនេះ ជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកយោធា ដូចដែលកងទ័ពជើងគោក នៃប្រទេសទាំងពីរបានខិតខំអនុវត្តកិច្ចការជាច្រើន និងសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាកន្លងមកនេះ។ ឯកឧត្តម ក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា ជាមួយនឹងការគាំទ្ររបស់ស្ថានទូត និងការិយាល័យអនុព័ន្ធយោធាកូរ៉េនៅកម្ពុជា ទំនាក់ទំនងកម្រិតកងទ័ពជើងគោក នឹងត្រូវបានពង្រឹង និងពង្រីក កាន់តែប្រសើរឡើងថែមទៀត ជាពិសេស ការបង្កើនទំនាក់ទំនងផ្ទាល់រវាងអង្គភាព និងអង្គភាព ថ្នាក់យុទ្ធវិធី។
ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានរំឭកអំពីកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងការភ្ជាប់ចំណងការទូតផ្លូវការឡើងវិញរវាងប្រទេសទាំងពីរនៅក្នុងឆ្នាំ១៩៩៧ បន្ទាប់ពីត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហម។ ផ្តើមចេញមូលដ្ឋាននេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេល ២៥ ឆ្នាំនេះ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាអាទិ៍ វិស័យពាណិជ្ជកម្ម, វិនិយោគ, អប់រំ, យោធា, ការបោសម្អាតមីន និងសុខាភិបាល ។ល។ ចំពោះកិច្ចសហប្រតិបត្តិការយោធា ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានកត់សម្គាល់អំពីសារៈសំខាន់នៃការរៀបចំឱ្យមានយន្តការសន្ទនាជាទៀងទាត់ សំដៅធ្វើយ៉ាងណាធានាឱ្យបាននូវនិរន្តរភាពនៃកិច្ចទំនាក់ទំនង។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការកោតសរសើរចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជាង ០២ ឆ្នាំកន្លងមកនេះ ព្រមជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ លើការប្រឈមដោះស្រាយបញ្ហាតំបន់ និងសាកល ដែលកំពុងកើតមាន ប្រកបដោយភាពត្រឹមត្រូវ។