ប៊ីចេងក្លែងក្លាយ ប្រមាណេជិត ២០តោន ត្រូវបានសមត្ថកិច្ចដុតបំផ្លាញចោល ខណ:ម្ចាស់ទីតាំងខាងលើ ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោស

ខេត្តសៀមរាប៖  ប៊ីចេងក្លែងក្លាយប្រមាណជិត ២០តោន ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការដុតបំផ្លាញចោល បន្ទាប់ពីបានធ្វើការបង្រ្កាបជាទ្រុងទ្រាយធំកាលពីឆ្នាំ២០១៩។

ការដុតបំផ្លាញនេះ បានធ្វើឡើងនៅទីលានចាក់សំរាម ក្នុងឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋានគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមហៅកាត់ ( គ.ប.ផ.ក ) និងជាអ្នកដឹកនាំការបង្រ្កាបនេះ បានមានប្រសាសន៍នៅក្នុងពិធីដុតបំផ្លាញនេះថា ប៊ីចេងទាំងនេះ មានប្រមាណជាង ១៨តោន ត្រូវបានរឹបអូស កាលពីចុងឆ្នាំ២០១៩ នៅក្នុងបុរីសៀងណាំ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ លោកបន្តថា ក្នុងការបង្ក្រាប កម្លាំងសមត្ថកិច្ច ក៏បានធ្វើការចាប់ខ្លួនម្ចាស់ទីតាំងខាងលើមកផ្តន្ទាទោសផងដែរ។

លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា បានបន្តទៀតថា ជារឿយៗនៅពេលទទួលបានព័ត៌មានអំពីផលិតផលក្លែងក្លាយ កម្លាំងសមត្ថកិច្ចតែងតែចុះធ្វើការបង្រ្កាបទាន់ពេលវេលា ហើយការបង្ក្រាបមានទាំងការដកហូតវត្ថុតាង និងឃាត់ខ្លួនមនុស្ស បើទោះជាអ្នកនោះគេចខ្លួនរួចក៏សមត្ថកិច្ចនៅតែតាមចាប់ខ្លួនបានដែរ។

ស្នងការរងនគរបាលខេត្តសៀមរាប ទទួលបន្ទុកការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកឧត្តមសេនីយ៍ត្រី ប្រាក់ សុវណ្ណារ័ត្ន បានឱ្យដឹងថា ការបង្រ្កាបផលិតផលក្លែងក្លាយជារឿងមួយ ដែលយើងត្រូវចូលរួមដោយសារថា ផលិតផលក្លាយក្លាយបានធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។

សូមជម្រាបថា កាលពីថ្ងៃពុធទី១៨ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចរបស់ គ.ប.ផ.ក សហការជាមួយនគរបាលសេដ្ឋកិច្ចខេត្តសៀមរាប បានបង្ក្រាបទីតាំងលួចផលិត វេចខ្ចប់ និងចែកចាយប៊ីចេងសញ្ញរូបវែកក្លែងក្លាយមួយកន្លែងនៅផ្ទះលេខ១១១ ក្នុងបុរីមួយកន្លែង ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយរឹបអូសបានវត្ថុតាងជាប៊ីចេងប្រមាណជាង ១៨តោន និងឃាត់ខ្លួនម្ចាស់ឈ្មោះ ហ៊ិម មនោរី ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប។

បើតាម លោក ប៉ុក តារា ជាតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដែលចូលរួមក្នុងពិធីដុតបំផ្លាញម្សៅស៊ុបប៊ីចេងនេះ បានឲ្យដឹងថា កាលពីឆ្នាំ២០២០ ម្ចាស់ទីតាំងខាងលើត្រូវបានចៅក្រមសាលាដំបូងខេត្តសៀមរាប ចេញសាលក្រមផ្ទន្ទាទោសដាក់ពន្ធនាគាររយ:ពេល ១ឆ្នាំ ហើយទោសនោះក៏អនុវត្តរួចរាល់ហើយដែរ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

អត្ថបទដែលជាប់ទាក់ទង
Open

Close