បង្ហោះផ្សព្វផ្សាយ មានខ្លឹមសារថា «ហ៊ានណាស់លោកអើយនៅក្នុងភូមិខ្ញុំ (អន្លង់រមៀត) ឆក់កាបូបម្តាយខ្ញុំទាំងថ្ងៃបានសម្រេច
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលកណ្តាល សូមឆ្លើយតបទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Pha WinWin បានបង្ហោះផ្សព្វផ្សាយ មានខ្លឹមសារថា «ហ៊ានណាស់លោកអើយនៅក្នុងភូមិខ្ញុំ (អន្លង់រមៀត) ឆក់កាបូបម្តាយខ្ញុំទាំងថ្ងៃបានសម្រេច បងប្អូនសូមធ្វើការប្រុងប្រយ័ត្នទាំងអស់គ្នាគ្រប់ទីកន្លែង ភិនភាគរបស់ចោរមាន ០២ម៉ូតូ នេះថ្ងៃទី២៦.០៧.២០២២ វេលាម៉ោង ៣រសៀល
ម៉ូតូសង់ជាអ្នកឆក់ ម៉ូតូនិចផ្កាឈូកស ជាអ្នកបិទគូទពីក្រោយ
សូមប្អូនសមត្ថកិច្ចជួយចាត់វិធានការផង កុំឱ្យប្រជាជនក្នុងភូមិមានការភ័យខ្លាចគ្រប់គ្នា។
ក្រោយពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យលោកអធិការនគរបាលស្រុកកណ្តាលស្ទឹង ស្រាវជ្រាវករណីខាងលើ។
ជាលទ្ធផល៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លោកអធិការ បានបញ្ជាកម្លាំងផ្នែកនគរបាលយុត្តិធម៌ ដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ឹម គឹមស៊ុន អធិការរងទទួលផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលអន្លង់រមៀត ចុះពិនិត្យស្រាវជ្រាវដល់ទីតាំងកន្លែងកើតហេតុ បានឱ្យដឹងថា ពិតជាមានករណីឆក់កាបូប ប្រាកដមែន។
កើតហេតុកាលពីវេលាម៉ោង ១៤:៤០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវបេតុង ស្ថិតនៅក្នុងភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ ណន សុខរស់ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ជនសង្ស័យចំនួន ០៣នាក់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស ជិះម៉ូតូចំនួន០២គ្រឿង៖
១-ម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ មិនស្គាល់ផ្លាកលេខ ។
២-ម៉ាក ស៊ុយសាគីនិច (Suzuki Nex C110) ពណ៌ផ្កាឈូក មិនស្គាល់ផ្លាកលេខ ។
– សម្ភារៈដកហូត : (គ្មាន)
– សម្ភារៈបាត់បង់ ៖
•កាបូប ដាក់លុយ ពណ៌ខ្មៅ ០១ ។
•ទូរស័ព្ទដៃ ម៉ាក Rami ០១គ្រឿង ។
•ខ្សែ ក ផ្លាកទីន ០១ ខ្សែ។
– ប្រាក់រៀល ប្រហែល ១.០០០.០០០៛(មួយលានរៀល)
– ប្រាក់ដុល្លារ ចំនួន៥៥០$ (ប្រាំរយហាសិបដុល្លារអាមេរិក)។
– អត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ ចំនួន០៦សន្លឹក ។
– កាតចាក់វាក់សាំង ០១ សន្លឹក។
+សភាពរឿងហេតុ៖
-មុនពេលកើតហេតុជនរងគ្រោះបានជិះកង់អាគុយ មកឈប់នៅលើផ្លូវបេតុង ស្ថិតនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ចាំឆ្លងផ្លូវចូលផ្ទះ ស្រាប់តែមានជនសង្ស័យ ០១នាក់ ភេទប្រុស ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ មិនស្គាល់ផ្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះ ហើយមានបុរស០២នាក់ ជិះម៉ូតូ ០១គ្រឿងម៉ាក Suzuki Nex C110 ពណ៌ផ្កាឈូក លាយស ជិះពីក្រោយឆ្ពោះទៅទិសខាងលិចបាត់ទៅ។ ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀត ដើម្បីឱ្យកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ ធ្វើការស្រាវជ្រាវក្នុងការស្វែងរកចាប់មុខសញ្ញាជនសង្ស័យ ប៉ុន្ដែជនល្មើស បានរត់គេចខ្លួនបាត់។
ចំពោះមុខសញ្ញាជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញកំពុងដុតដៃដុតជើងក្នុងការស្រាវជ្រាវស្វែងរកជនសង្ស័យដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបថា សមត្ថកិច្ចសូមសន្យាថានឹងខិតខំប្រឹងប្រែងស្វែងរកចាប់មុខសញ្ញាជនសង្ស័យខាងលើមកដាក់ទោសឱ្យខានតែបាន៕