ចោរប្លន់ ម៉ូតូ ៣នាក់ ត្រូវប៉ូលិស តាមចាប់ខ្លួនបាន

បាត់ដំបង៖ អនុវត្តន៍តាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សាត  គឹមសាន  ស្នងការនគរបាលខេត្តបាត់ដំបង ក៍ដូចជាយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា  ស្នងការរងផែនការងារព្រហ្មទណ្ឌកំរិតស្រាល និងមានការសម្របសម្រួលនិតិវិធីដោយលោកកែវ សុជាតិ  ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ទើបលោកវរសេនីយ៍ឯកឈឿង  គឹមសុង  ដឹកនាំកម្លាំងជំនាញ ស្រាវជ្រាវរហូតដល់ថ្ងៃទី២១ ខែកក្កដា   ឆ្នាំ២០២២ វេលាម៉ោង១០និង៩នាទីយប់ ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ជាបន្តបន្ទាប់ ពីបទកាប់ប្លន់យកម៉ូតូប្រជាពលរដ្ឋ ក្នុងស្រុកបវេលនិងស្រុកថ្មគោល ខេត្តបាត់ដំបង។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា ជំហានដំបូងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ប្រើប្រាស់កាំបិតខ្វែវកាប់ប្លន់យកម៉ូតូជនរងគ្រោះឈ្មោះ ហម ហៀ (ហៅ អាភូ) ភេទប្រុស អាយុ១៧ឆ្នាំ  មានទីលំនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការសហការគ្នាជាមួយលោកវរសេនីយ៍ឯកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យយកទៅសួរនាំទើបឃាត់ខ្លួនបក្ខពួក២នាក់ទៀតមានឈ្មោះដូចខាងក្រោម៖ទី១-ឈ្មោះ ទី សុីឡុង ហៅ (បញ្ញា) ភេទប្រុស  អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោប៉េត ខេត្តបន្ទាយមានជ័យ។ 

ទី២-ឈ្មោះ ហួរ រ៉ា ហៅ (សី) ភេទប្រុស  អាយុ១៧ឆ្នាំ  គ្មានទីលំនៅពិតប្រាកដ។ 

ជនសង្ស័យទាំង២នាក់នេះត្រូវកម្លាំងអន្តរាគមន៍ បង្ការ បង្ក្រាប  នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  ឃាត់ខ្លួនបានកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា   ឆ្នាំ២០២២  នៅភូមិកាប់គោថ្មី សង្កាត់អូរចារ  ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានពីជនសង្ស័យរួមមាន៖

ម៉ូតូម៉ាកហុងដា Scoopy ពណ៌ខៀវ ១គ្រឿង សេរីឆ្នាំ2017 ជាមធ្យោបាយធ្វើសកម្មភាពរបស់ជនសង្ស័យ។ 

ម៉ូតូម៉ាក ហុងដា CLick ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1AB-0825 ជាម៉ូតូរបស់ជនរងគ្រោះនិងកាំបិត ខ្វែវ ចំនួន១ដើម។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យបានធ្វើសកម្មភាពប្លន់ឈ្មោះ ខន សុខឃឿត ភេទស្រី អាយុ៣៣ឆ្នាំ  យកម៉ូតូ១គ្រឿងម៉ាក Xoomer-X ពណ៌ស  ពាក់ស្លាកលេខ បន្ទាយមានជ័យ 1R-5518 កាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែកក្កដា  ឆ្នាំ២០២២  នៅភូមិបឹងសង្កែ ឃុំអំពិល៥ដើម  ស្រុកបវេល បន្ទាប់មកពួកគេបន្តប្លន់ជនរងគ្រោះម្នាក់ទៀតឈ្មោះ ទឹម មាន ភេទប្រុស អាយុ៣៤ឆ្នាំ  រស់នៅភូមិប៊ួរុន ឃុំអំពិលប្រាំដើម  ស្រុកបវេល  ស្រុកបវេល យកបានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ទឹកប្រាក់   បិតស្តុតពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ  ភ្នំពេញ 8639 ទូរស័ព្ទដៃម៉ាក  OPPO ១គ្រឿង លុយខ្មែរចំនួន១៩មុឺនរៀល និងឯកសារមួយចំនួនទៀត។

លុះដល់ថ្ងៃទី១៩ ខែកក្កដា   ឆ្នាំ២០២២  វេលាម៉ោង១និង២០នាទី នៅចំណុចភូមិតាសី ឃុំតាមុឺន   ស្រុកថ្មគោល  ជនសង្ស័យបាននាំគ្នាធ្វើសកម្មភាពប្លន់ទៅលើជនរងគ្រោះ២នាក់ទៀត ក្នុងនោះមានឈ្មោះ ខេង សារ៉ែន   ភេទប្រុស   អាយុ៤១ឆ្នាំ  រស់នៅភូមកៀនកេស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល  ខេត្តបាត់ដំបងនិងជនរងគ្រោះម្នាក់ទៀតឈ្មោះ ហ៊ិ ឡៅហ៊ុន ភេទប្រុស   អាយុ៣២ឆ្នាំ(រងរបួសដៃឆ្វេង) យកបានម៉ូតូ១គ្រឿងម៉ាក បីត ពណ៌ស-ខៀវ ពាក់ស្លាកលេខ  បាត់ដំបង 1AL-6363 និងម៉ូតូហុងដាឃ្លីក ពណ៌ស សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ  បាត់ដំបង 1AF-9684 ព្រមទាំងទូរស័ព្ទដៃម៉ាកOPPO A31 ពណ៌ផ្ទៃមេឃ និងលុយ១០មុឺនរៀល រួចហើយគេចទៅលាក់ខ្លួននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានកម្លាំងនគរបាលជំនាញកំពុងធ្វើការសាកសួរដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមផ្លូវច្បាប់៕ ដោយ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close