ពលរដ្ឋ​លើកគ្នា​ទៅ ​សាលាឃុំ​ព្រៃ​កន្លោង ធ្វើការជំទាស់ ខណៈ អាជ្ញាធរ និង​ប្រធាន​សហគមន៍ ដាក់​ដេញថ្លៃ​លក់​ដែន​នេសាទ

 ខេត្តព្រៃវែង ៖បែកធ្លាយ! ប្រជាពលរដ្ឋ​ជាច្រើននាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​១០៨​គ្រួសារ នៅ​ឃុំ​ព្រៃ​កន្លោង ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង បាន​លើកគ្នា​ទៅ​សាលាឃុំ សុំជំទាស់មិន​ឲ្យ​អាជ្ញាធរ និង​ប្រធាន​សហគមន៍​ទំនប់​ក្រចាប់​ខាងលិច ដាក់​ដេញថ្លៃ​នេសាទ ត្រពាំង​ក្រចាប់​ខាងលិច​នោះ​ទេ ដែល​ការ​ដេញថ្លៃ​នេះ បាន​រៀបចំ​ធ្វើ​ឡើង​នៅ​សាលាឃុំ​ព្រៃ​កន្លោង កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ២០២២។ 

តំណាង​ពលរដ្ឋ​ទាំងនោះ​បាន​លើក​ឡើង​ថា ដីស្រែ​របស់​ពួក​គាត់​សរុប​ចំនួន​១០៨​គ្រួសារ ស្មើនឹង​១២៨​ក្បាលដី ដែល​ស្ថិត​នៅ​ជុំវិញ​ត្រពាំង​ក្រចាប់​នោះ កំពុង​មាន​បញ្ហា ដោយអជ្ញាធរចេញប្លង់​ដី​មិន​រួច ហើយមាន​ខាង​មន្ទីរ​ធនធានទឹក ប្តឹង​ជំទាស់​មិន​ឲ្យ​មន្ត្រី​សុរិយោដី​ចេញ​ប្លង់​ឲ្យ​ពលរដ្ឋ ដោយ​អះអាង​ថា ជាប់​ពាក់​ព​ន្ធ័​នឹង​ដី​ត្រពាំង ហើយ​បញ្ហា​នេះ ពួក​គាត់​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​ដល់​សម្តេច​ក្រឡាហោម ស ខេ​ង រួចហើយសុំអោយស្ដេចជួយដោះស្រាយ។

ពលរដ្ឋ​ដែលបាន​ទៅដល់សាលាឃុំបញ្ជាក់​ថា មក​ដល់​ពេល​នេះ បញ្ហា​ដីធ្លី​របស់​ពួក​គាត់ មិន​ទាន់​មាន​ដំណោះស្រាយ​ផង ប្លង់​ដី​ត្រពាំង​មិនដឹង​ត្រឹមណា បើ​ដាក់​ដេញថ្លៃ​នេសាទ ហើយ​អ្នក​ដេញ​បាន​គេ​វាតទី រំលោភ​លើ​ដី​ពលរដ្ឋ​ដែល​ត្រូវ​ទឹក​ជនលិច បានអ្នក​ណា​ចេញមុខមកទទួលខុសត្រូវ  ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ ទើប​ពលរដ្ឋ​លើកគ្នា​មក​សុំជំទាស់មិន​ឲ្យ​ដាក់​ដេញថ្លៃ​នេសាទ ដោយ​ទាមទារ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ដោះស្រាយ​ចេញ​ប្លង់​ដីស្រែ​ប្រជាពលរដ្ឋ និង​ប្លង់​ត្រពាំង​ឲ្យ​បាន​សិន ចាំ​ដាក់​ដេញថ្លៃ​នេសាទ​ត្រពាំង​ក្រចាប់​នេះ​ចុះ​។ 

លោក ជ័យ ហ៊​ល ប្រធាន​សហគមន៍​ថែទាំ​ទំនប់​ក្រចាប់​លិច បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ដេញថ្លៃ​ត្រពាំង​ក្រចាប់​លិច​នេះ គឺ​ដេញ​រាល់​២​ឆ្នាំ​ម្តង និង​បាន​ធ្វើ​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ថវិកា​ដែល​បាន​ពី​ការ​ដេញថ្លៃ​នេះ គឺ​យក​មក​ប្រើប្រាស់​លើ​ការ​ថែទាំ​ជួសជុល​ទំនប់​ក្រចាប់ ប្រវែង​៣០០០​ម៉ែត្រ ដែល​ទំនប់​នេះ បច្ចុប្បន្ន​បាន​ក្លាយទៅជា​ផ្លូវ​ដ៏​សំខាន់ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ហើយ​បើ​មិន​ឲ្យ​ដាក់​ដេញថ្លៃ​បែប​នេះ ពេល​ដែល​ទំនប់​នេះ​ខូច បាន​ប្រាក់​ពី​ណា​មក​ជួសជុល​ថែទាំ។

ចំពោះ​ការ​លើក​ឡើង​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ជំទាស់​អះអាង និង​ធ្វើ​កិច្ចសន្យាធានា​រៃ​លុយ​គ្នា​ជួសជុល​និង​ថែទាំ​ទំនប់​ទាំងអស់​គ្នា មិនបាច់​ឲ្យ​លោក​ប្រធាន​សហគមន៍​បារម្ភ​នោះ​ទេ​។ ដោយឡែក​លោក អ៊ូ រ័​ត្ន មេឃុំ​ព្រៃ​កន្លោង បាន​ឲ្យ​ដឹង​ថា ការ​ដែល​ខាង​សហគមន៍​ចង់​ដាក់​ដេញថ្លៃ​នេសាទ​ត្រពាំង​ក្រចាប់​នេះ គឺ​ដើម្បី​បាន​ប្រាក់​យក​មក​ជួសជុល​ថែទាំ​ទំនប់ សម្រាប់​បម្រើ​ផលប្រយោជន៍​រួម វា​មិន​ខុសឆ្គង​អី​ទេ តែបើ​ពលរដ្ឋ​លើកគ្នា​ជំទាស់​បែប​នេះ ក្នុង​នាម​លោក​ជា​មេឃុំ ក៏​មិន​អាច​ប្រឆាំង​នឹង​ពលរដ្ឋ​បាន​ដែរ ដូច្នេះ​លោក​មាន​តែ​សម្រេច បញ្ឈប់​លែង​ឲ្យ​ដាក់​ដេញថ្លៃ​នេសាទ តាម​ការ​ទាមទារ​របស់​ពលរដ្ឋ​ហើយ ប៉ុន្តែ​លោក​សូម​ឲ្យ​ពលរដ្ឋ​ធ្វើ​តាម​កិច្ចសន្យា​របស់​ខ្លួន​ឲ្យ​បាន រឿង​ធានា​ជួល​ជុល​ថែទាំ​ទំនប់​ក្រចាប់​លិច ព្រោះ​ទំនប់​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ទាំងមូល​៕

អត្ថបទដែលជាប់ទាក់ទង
Open

Close