ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីឆក់កាបូប។
ជនសង្ស័យ ឈ្មោះ លន់ បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួន ខណៈដែលរូបគេ និងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពឆក់កាបូបពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ កាលពីវេលាម៉ោង ២១៖៣០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវ៣០ម៉ែត្រ ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកបក្ខពួកជនសង្ស័យដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត។