ហ្វេសប៊ុក ឈ្មោះ ឈុន មិញស៊ីញ ខឹងសមត្ថកិច្ច សរសេរផុសដោយបានរៀបរាប់នូវពាក្យមិនពិត ជេរប្រមាថមើលងាយមកលើ សមត្ថកិច្ច..ពេលនេះ..!
សេចក្តីបកស្រាយបំភ្លឺ និងបដិសេធ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធចំពោះ ឈ្មោះ ឈុន មិញស៊ីញ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង ពិដាន ស្នាក់នៅ ផ្ទះលេខ ១១២៨ ផ្លូវ១១០ ភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លេខទូរស័ព្ទ ០១០ ៨៣ ៨២ ៧៧ ដែលបានធ្វើការផុសព័ត៌មានមិនពិត ចោទប្រកាន់មកលើមន្ត្រីអនុវត្តច្បាប់ ខុសពីការពិត។
សមត្ថកិច្ច បញ្ជាក់ពីដំណើរររឿងជាក់ស្តែងថា កាលពីយប់ថ្ងៃទី២១ ឈានចូលថ្ងៃទី២២ ខែកក្កដា វេលាម៉ោង១ រំលងអាធ្រាត្រ បុគ្គលរូបនេះ បានបើកម៉ូតូកង់៣ ពីស្ពានតាខ្មៅឆ្ពោះទៅមុខពេទ្យលោកសង្ឃសង្កាត់ទឹកថ្លា ពេលទៅដល់ចំពេលដែលសមត្ថកិច្ច កំពុងប្រតិបត្ដិការបង្ក្រាបគ្រឿងញៀន ដោយមានវត្ដមានបុគ្គលនេះ នៅក្នុងរង្វង់ប្រតិបត្ដិការរបស់សមត្ថកិច្ចដែរ ពេលនោះសមត្ថកិច្ចក៏បាននាំគាត់មកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីសហការធ្វើការត្រួតពិនិត្យទឹកនោម ស្វែងរកសារធាតុញៀន ដោយនៅក្នុងទឹកនោមគ្មានសារធាតុញៀន សមត្ថកិច្ចក៏អនុញ្ញាតឲ្យបុរសម្នាក់នេះ ត្រឡប់ មកផ្ទះវិញ។
លុះពេលត្រឡប់មកវិញធ្វើដំណើរតាមផ្លូវ ដោយសារមានចិត្ដខឹងចំពោះសមត្ថកិច្ចក៏បាន សរសេរផុសដោយបានរៀបរាប់នូវពាក្យមិនពិត ជេរប្រមាថមើលងាយមកលើសមត្ថកិច្ច ធ្វើឲ្យមានការយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្ដិយសរបស់សមត្ថកិច្ចជាអ្នកអនុវត្តច្បាប់ នៅក្នុងគណនីហ្វេសបុកដែលមានឈ្មោះថា “ឈុន មិញស៊ីញ”។
បន្ទាប់ពីសារភាពកំហុស ធ្វើកិច្ចសន្យាចំពោះសមត្ថកិច្ចរួចរាល់ បុគ្គលរូបនេះ ត្រូវបានសមត្ថកិច្ចធ្វើការណែនាំអប់រំ និងអនុញ្ញាតឱ្យត្រឡប់ទៅគេហដ្ឋានវិញ ៕