ខមិន (Comment) ចូលផេក សម្តេចតេជោ«គណៈកម្មការផ្សារអូរឬស្សី ពុំគោរពតាមអនុសាសន៍ របស់ សម្ដេច ធ្វើខុស គោលនយោបាយគណបក្សប្រជាជនកម្ពុជា»

ភ្នំពេញ៖ គណនី ឈ្មោះ Ly Ly បានComment ផេកផ្លូវការ របស់ សម្តេចតជោ ដែលមានខ្លឹមសារទាំងស្រុងថា «សូមគោរពសម្ដេចតេជោ មេត្តាជ្រាប គណៈកម្មការផ្សារអូរឬស្សីបានតំរូវអោយអាជីវករបង់ថ្លៃអាណត្តិតូបសារជាថ្មី ដោយតូបមួយបង់ក្នុងតម្លៃ 3630$ ។ ពួកគាត់ពុំគោរពតាមអនុសាសន៏របស់សម្ដេច ធ្វើខុសគោលនយោបាយគណបក្សប្រជាជនកម្ពុជា ដែលថា អាជីវករលក់ដូរតាមផ្សារលើទីតាំងដីរដ្ធអាចផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់និងអាស្រ័យផលទៅកូនចៅឬអ្នកដទៃបានដោយពុំមានការកំណត់អាណត្តិឡើយ ។ យើងខ្ញុំកំពុងមានជីវភាពខ្វៈខាតពុំមានលុយបង់អោយគាត់ទេ ដោយសាវិបត្តិកូវីដ លក់ដូរអត់ដាច់ ។ អាស្រ័យហេតុនេះ សូមសម្ដេចមេត្តាជួយដោះស្រាយអោយយើងខ្ញុំទាំងអស់គ្នាផង ។ សូមគោរពអរគុណសម្ដេច។»

ភ្លាមៗនោះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានចូល Comment តប ពន្យល់ថា សូមជម្រាបជូនម្ចាស់គណនីឈ្មោះ Ly Ly ជ្រាបថា ខ្លឹមសារនៃការ Comment ខាងលើនេះ អាចបង្កជាការភ័ន្តច្រឡំដល់សាធារណមតិ ដែលផ្សារនេះជាផ្សាររដ្ឋ ប៉ុន្តែកិច្ចសន្យាវិនិយោគរយៈពេល ៧០ឆ្នាំ។

សូមបញ្ជាក់ជូនថា៖
១- កន្លងមក ការចុះកិច្ចសន្យារយៈពេល ៧០ឆ្នាំក្នុងមួយអាណត្តិ ហើយនេះជាការបន្តអាណត្តិ ២០ឆ្នាំទៀតជូនបងប្អូនអាជីវករអាចមានសិទ្ធិបន្តការប្រកបរបរលក់ដូរចិញ្ចឹមជីវិតបន្តទៀត។

២- ចំពោះតម្លៃនៃការបង់រយៈពេល ២០ឆ្នាំ ដែលប្រភេទមានតម្លៃខ្ពស់បំផុត មានតម្លៃ ៣.៦៣០$ ស្មើនឹង ១៨១,៥០$/ឆ្នាំ ស្មើនឹង ១៥,១២$/ខែ ស្មើនឹង ០,៥១២$/ថ្ងៃ ឬ គិតជាលុយរៀលស្មើនឹង ២.០៥០៛/ថ្ងៃ និងប្រភេទមានតម្លៃទាបបំផុត មានតម្លៃ ២.១៧៨$ ស្មើនឹង ១០៨,៩០$/ឆ្នាំ ស្មើនឹង ៩,៧៥$/ខែ ស្មើនឹង ០,៣០$/ថ្ងៃ ឬ គិតជាលុយរៀលស្មើនឹង ១,២១០៛/ថ្ងៃ តែប៉ុណ្ណោះ ដែលនេះបង្ហាញថា ជាតម្លៃទាបបំផុត ហើយតម្លៃនេះនឹងទាបជាងនេះទៀត ដោយសាររដ្ឋបាលរាជធានីភ្នំពេញសម្រេចមិនតម្លើងថ្លៃ ១០% ប្រចាំ ២០ឆ្នាំនោះទេ។

៣- ប្រសិនបើបងប្អូនអាជីវករមិនបង់ថ្លៃតូបនោះទេ អ្នកវិនិយោគអាចធ្វើការប្តឹងផ្តល់ទាមទារការអនុវត្តកាតព្វកិច្ច ឬអាចនាំអោយបងប្អូនបាត់បង់សិទ្ធិលក់ដូរនៅក្នុងផ្សារ។ កន្លងមក នៅឆ្នាំ២០២១ ផ្សារនេះត្រូវបានប្រើប្រាស់ថវិការបស់ក្រុមហ៊ុនជួសជុលប្លុកខ្លះអស់ទឹកប្រាក់ជាង ២០ម៉ឺនដុល្លារ។

៤- បងប្អូនអាជីវករអាចបន្តការលក់ដូររហូតតកូនតចៅក្នុងអំឡុងពេលនៃកិច្ចសន្យាវិនិយោគ ហើយបងប្អូនអាជីវករអាចផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផល ទៅកូនចៅឬអ្នកទទៃ បានដោយមិនមានការហាមឃាត់ឡើយ។

៥- ប្រសិនបើលុបកិច្ចសន្យាវិនិយោគពីវិស័យឯកជន នោះរដ្ឋត្រូវសងថ្លៃខូចខាតវិនិយោគ និងសងថ្លៃជំងឺចិត្ត។ បន្ថែមពីនេះ នៅពេលដែលប្រទេសជាតិយើងទើបងើបពីភាពក្រីក្រ រដ្ឋខិតខំកៀរគរវិស័យឯកជនដើម្បីមកបណ្តាក់ទុនរកស៊ី និងបង្កើតការងាររកទទួលទានដល់បងប្អូនអាជីវករ ហើយប្រសិនយើងចេះតែមិនអនុវត្តតាមកិច្ចសន្យានោះទេ នាំអោយអ្នកវិនិយោគបាត់ទំនុកចិត្តពីការវិនិយោគនៅកម្ពុជា។

៦- សូមវាយតម្លៃខ្ពស់ និងកោតសរសើរដល់អាជីវករលក់ដូរទាំងអស់នៅផ្សាររដ្ឋដែលមិនមែនជាផ្សារវិនិយោគទូទាំងរាជធានីភ្នំពេញ ក៏ដូចជាផ្សារវិនិយោគដទៃទៀត ដែលបានបំពេញកាតព្វកិច្ចបង់ថ្លៃតូប វិភាគទាន សម្រាប់ថែទាំសំណង់ផ្សារ និងហេដ្ឋារចនាសម្ព័ន្ធផ្សារជាទៀងទាត់រហូតមក។ នេះជាការបញ្ជាក់អោយឃើញថា បងប្អូនបានពុះពារថែរក្សាមុខរបរអាជីវកម្ម (ឆ្នាំងបាយ) របស់ខ្លួន ព្រោះថា បើសំណង់ផ្សារចាស់ទ្រុឌទ្រោម បាត់បង់សោភណភាព អតិថិជននឹងខ្លាចរអាមិនហ៊ានចេញចូលផ្សារ ព្រោះខ្លាចគ្រោះថ្នាក់ដល់អាយុជីវិត។

៧- កន្លងមក រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ គិតគូរដល់បងប្អូនអាជីវករដោយបានលុបចោលការយកពន្ធប៉ាតង់ ពន្ធអាជីវកម្មប្រចាំខែ គួរណាស់តែលោកស្រី Ly Ly ភ្ញាក់រលឹក ចូលរួមជាមួយសង្គមជាតិតាមរយៈការបំពេញកាតព្វកិច្ចតាមកិច្ចសន្យា។ សូមកុំតែប្រយោជន៍ផ្ទាល់ខ្លួន ធ្វើអោយប៉ះពាល់ដល់សង្គមជាតិ។ បើសង្គមជាតិរលំ លោកស្រីក៏ដួលដែរ។

សូមអរគុណ

អត្ថបទដែលជាប់ទាក់ទង
Open

Close