អភិបាលខេត្តសៀមរាប ព្រមានចាត់វិធានផ្លូវច្បាប់ ចំពោះ មន្ត្រី ឬអាជ្ញាធរ ចូលទៅកាន់កាប់ដីព្រៃលិចទឹកនៅបឹងទន្លេសាបក្រោយការកាត់ឆ្វៀល
ខេត្តសៀមរាប៖ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ព្រមានចាត់វិធានផ្លូវច្បាប់ ចំពោះ មន្ត្រី ឬអាជ្ញាធរ ចូលទៅកាន់កាប់ដីព្រៃលិចទឹកនៅបឹងទន្លេសាបក្រោយការកាត់ឆ្វៀលដីព្រៃលិចទឹកតំបន់បីនៅក្នុងស្រុកក្រុងចំនួន៦ គឺមិនមានត្រូវមានឈ្មោះមន្ដ្រី ឬអាជ្ញាធរណាមួយកាន់កាប់ឡើយ នេះជាការលើកឡើងរបស់ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃទិន្នន័យក្បាលដីប្រជាពលរដ្ឋ ដែលបានកាន់កាប់អាស្រ័យផលមុនឆ្នាំ២០១២ ស្ថិតនៅក្នុងតំបន់៣ នៃបឹងទន្លេសាប ភូមិសាស្ត្រខេត្តសៀមរាប រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នាសាលាខេត្តសៀមរាប។
ឯកឧត្ដម ទៀ សីហា បន្ថែមថា ដីព្រៃលិចទឹកនៅតំបន់បីនៃបឹងទន្លេសាប ដែលគ្រោងដាក់សំណើទៅរាជរដ្ឋាភិបាល ដើម្បីចុះពិនិត្យបន្ដ និងកាត់ឈ្វៀលជូនប្រជាពលរដ្ឋនេះ ចាំបាច់ត្រូវសិក្សាឱ្យបានច្បាស់លាស់ បើសិនរកឃើញថា ជារបស់មន្ត្រី ឬអាជ្ញាធរណាមួយនោះ រដ្ឋបាលខេត្តនឹងមានវិធានការផ្លូវច្បាប់។
យោងតាមរបាយការណ៍នៃកិច្ចប្រជុំ បានបង្ហាញថា អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តសៀមរាប បានរៀបចំបង្កើតក្រុមការងារ ត្រួតពិនិត្យ និងអង្កេតវាស់វែង ប្រមូលទិន្នន័យក្បាលដីប្រជាពលរដ្ឋ ដែលបានកាន់កាប់អាស្រ័យផលមុនឆ្នាំ២០១២ ស្ថិតនៅក្នុងតំបន់៣ នៃបឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រក្រុង-ស្រុកទាំង៦ ក្នុងខេត្តសៀមរាប។ ព្រៃលិចទឹក ដែលស្ថិតក្នុងតំបន់៣ ជាប់ជុំវិញបឹងទន្លេសាប ខេត្តសៀមរាប ស្ថិតនៅក្នុងក្រុង ស្រុកចំនួន៦ រួមមាន ក្រុងសៀមរាប ស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ស្រុកពួក និងស្រុកក្រឡាញ់ គ្របដណ្តប់លើផ្ទៃដី ១២ម៉ឺនហិកតា ក្នុងនោះ មានភូមិករស្ថិតនៅក្នុងតំបន់៣ ទាំងស្រុងសរុបចំនួន ២៣ភូមិ។
របាយការណ៍ដដែលបង្ហាញថា លទ្ធផលនៃការចុះពិនិត្យ និងវាយតម្លៃទិន្នន័យក្បាលដីរបស់ប្រជាពលរដ្ឋស្ថិតក្នុងតំបន់បី និងបានកាន់កាប់អាស្រ័យផលមុនឆ្នាំ២០១២ នៃបណ្ដាក្រុង ស្រុកទាំង៦ មានផ្ទៃដីជាង២ម៉ឺនហិកតា និងផ្ទៃដីលំនៅឋានប្រមាណជាង ១៦០ហិកតា។ ក្នុងនោះ ផ្ទៃដីដែលបានកាត់ឆ្វៀលនៅឆ្នាំ២០១២ មានជាង៨ពាន់៦រយហិកតា ផ្ទៃដីអាស្រ័យផលមុនឆ្នាំ២០១២ ដែលមិនទាន់កាត់ឆ្វៀលមានចំនួន ៦ពាន់៦រយហិកតា។ ផ្ទៃដីអាស្រ័យផលឆ្នាំ២០១២ ដល់ឆ្នាំ២០២១ មានចំនួនជាង៦ពាន់២រយហិកតា ផ្ទៃដីលំនៅឋានសរុបចំនួនជាង ១៦០ហិកតា និងផ្ទៃដីគម្រោងអេកូហ្សូនចំនួនជាង ៣៨ហិកតា ដែលស្មើរនឹង១៥ក្បាលដី។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធ ចុះសិក្សាដីរបស់បងប្អូនប្រជាពលរដ្ឋ ដែលស្ថិតក្នុងតំបន់២ និងតំបន់៣ នៃបឹងទន្លេសាប ត្រូវធ្វើការកាត់ឆ្វៀលជូនបងប្អូនប្រពលរដ្ឋដែលបានរស់នៅ អាស្រ័យផលចាប់ពី ១០ឆ្នាំឡើងទៅតាមភាពជាក់ស្ដែង និងយោងអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ស្តីពីការកំណត់បង្កើតដែនព្រៃលិចទឹក។
ប្រភព ៖ មន្ទីរព័ត៌មានខេត្តសៀមរាប