អាជ្ញាធរ សម្រេច បិទចរាចរណ៍ ហើយ! ជំនន់ទឹកភ្លៀង លិចកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៣៩-៤០ (ចំនុចក្រាំងពន្លៃ)
ខេត្តកំពង់ឆ្នាំង ៖ យោងតាម មន្ទីរសាធារណៈការនិងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ កក្កដា ២០២២ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមន្ទីរអមដំណើរឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកអភិបាលស្រុកកំពង់ត្រឡាច-លោកអភិបាលស្រុកសាមគ្គីមានជ័យ បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ៥ ដែលរងការលិចដោយមានភ្លៀងធ្លាក់ខ្លាំងនៅប៉ុន្មានថ្ងៃមុនជាប់ៗគ្នា បណ្តាលឲ្យមានជំនន់ទឹកភ្លៀង ដែលធ្វើឲ្យលិចលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគ.ម ៣៩-៤០(ចំនុចក្រាំងពន្លៃ) ប្រវែងលិចប្រមាណ ៤០ម ជម្រៅ១-៣សម គិតត្រឹមម៉ោង១០ និង ៣០នាទីព្រឹកនេះស្ថានភាពទឹកនៅដដែល ក្នុងនោះក្រុមការងារខេត្តបានសម្របសម្រួលជាមួយក្រុមការងារជប៉ុន សម្រេចឲ្យកំណាត់ផ្លូវជាតិលេខ៥ ដែលរងការលិចត្រូវបិទចរាចរណ៍ និងបានបង្វែរឲ្យធ្វើចរាចរណ៍តាមកំណាត់ផ្លូវវាងថ្មី(ឧដុង្គ) ជាបណ្តោះអាសន្នសិន ។