សម្បថសច្ចាប្រណិធាន នៅចំពោះតុលាការ ដើម្បីបំពេញនីតិវិធីជានគរបាលយុត្តិធម៌

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ បានចូលរួមពិធីសម្បថសច្ចាប្រណិធាន ដើម្បីបំពេញនីតិវិធី ជានគរបាលយុត្តិធម៌ នៅចំពោះមុខសាលាដំបូងរាជធានីភ្នំពេញ ដោយមានលោក លោកស្រីតំណាងក្រុមប្រឹក្សាសម្បថ និងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញជាអធិបតី។

សមាសភាពចូលរួមពិធីសម្បថនេះរួមមាន៖ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប លោកអគ្គនាយករង លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យនៅថ្នាក់កណ្តាល និងសាខាក.ប.ប.រាជធានីភ្នំពេញ សរុបចំនួន៩៧រូប ។

សូមជម្រាបថា មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. សរុបចំនួន ២៨៥រូប ត្រូវបានផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ ឱ្យអនុវត្តមុខងារនិងភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ស្តីពីការប្រកួតប្រជែង ក្រមនីតិវិធីព្រហ្មទណ្ឌ និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ មន្រ្តីដែលកំពុងបំពេញការងារនៅសាខាក.ប.ប. នៃបណ្តាខេត្ត នឹងបំពេញនីតិវិធីសម្បថ នៅសាលាដំបូងខេត្ត រៀងៗ ខ្លួន។

សូមបញ្ជាក់ផងដែរថា ចាប់តាំងពីប្រមុខរាជរដ្ឋាភិបាលបានកែសម្រួលតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. ពីការឈរជើងនៅព្រំដែនជាមួយអគ្គនាយកដ្ឋាន គយ និងរដ្ឋាករ តាមរយៈអនុក្រឹត្យលេខ២៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ស្តីពីការកែសម្រួលស្ថាប័នមានសមត្ថកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែងកម្ពុជា មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. ត្រូវបានផ្តល់នីតិសម្បទា ជាមន្ត្រីនគរបាលយុត្តិធម៌ ក្រោមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ជានគរបាលយុត្តិធម៌ក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងជានគរបាលយុត្តិធម៌ក្រោមច្បាប់ស្តីពីការប្រកួតប្រជែង ដែលផ្តល់សិទ្ធិឱ្យមន្រ្តីជំនាញ ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ កំណត់បទល្មើស ពិន័យអន្តរការណ៍លើអំពើល្មើសស្ថិតក្រោមច្បាប់ ឬកសាងសំណុំបញ្ជូនទៅតុលាការមានសមត្ថកិច្ច ក្នុងគោលបំណងការពារសុខុមាលភាពប្រជាពលរដ្ឋ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ជំរុញឱ្យការប្រកួតប្រជែងក្នុងពាណិជ្ជកម្មប្រព្រឹត្តទៅប្រកបដោយសមធម៌ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចតុកោណដំណាក់ទី៦។

អត្ថបទដែលជាប់ទាក់ទង
Open

Close