ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបទៅនឹងម្ចាស់គណនីឈ្មោះ លឹមណា រ៉ុម សំណូមពរក្នុងប្រអប់សារហ្វេសប៊ុកផ្លូវការលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត និងផេកហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា៖ បាទជំរាបសួរលោកពូស្នងការ និងមន្ត្រីស្នងការទាំងអស់ខ្ញុំបាទ មានចម្ងល់បន្តិចសុំសួរទៅខាងមន្រ្តីស្នងការខេត្តកណ្ដាលមេត្តាជ្រាប ៖ ប្រពន្ធខ្ញុំចង់ធ្វើអត្តសញ្ញាណប័ណ្ណ ប៉ុន្តែប្រពន្ធខ្ញុំបាត់សៀវភៅបញ្ជាក់កំណើតអាស៊ីនហើយ នៅតែអាគុបពី សខ្មៅ ចំណែកសៀវភៅគ្រួសារ មានគ្រប់អស់ហើយ ប៉ុន្តែបាត់តែសៀវភៅបញ្ជាក់កំណើត អាស៊ីន តែប៉ុណ្ណោះ រាល់ថ្ងៃប្រពន្ធខ្ញុំរស់នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល រីឯកន្លែងកំណើតប្រពន្ធខ្ញុំនៅឯខេត្តសៀមរាបឯណោះ បច្ចុប្បន្នប្រពន្ធខ្ញុំមករស់នៅខេត្តកណ្ដាល ស្រុកមុខកំពូល ខ្ញុំចង់សួរថាតើមានសំបុត្រកំណើតគុបពីសខ្មៅតើអាចធ្វើអត្តសញ្ញាណប័ណ្ណបានដែរឬអត់? សូមលោកពូស្នងការ មេត្តាជួយ សម្រួលដល់ខ្ញុំ ដែលជាប្រជាពល រដ្ឋដែលជួបទុក្ខលំបាកខ្វះខាត ឲ្យប្រពន្ធខ្ញុំបានធ្វើអត្តសញ្ញាណប័ណ្ណផង ដើម្បីយកទៅបម្រើការងារដើម្បីចិញ្ចឹមជីវភាពគ្រួសារ។
សូមអរគុណម្ចាស់ គណនី ហ្វេសប៊ុក ឈ្មោះ លឹមណា រ៉ុម ដែលមានចម្ងល់រឿងបែបបទធ្វើអត្ដសញ្ញាណប័ណ្ណត្រូវឱ្យមានឯកសារអ្វីខ្លះយកទៅប្រើការបាន។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល បានបញ្ជាឱ្យការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និង លោកអធិការស្រុកមុខកំពូល ចុះទៅជួប ម្ចាស់គណនី ហ្វេសប៊ុក ខាងលើ ដើម្បីធ្វើការពន្យល់ ត្រូវឱ្យមាន ឯកសារពាក់ព័ន្ធមួយចំនួនជាចាំបាច់ ក្នុងការធ្វើអត្ដសញ្ញាណប័ណ្ណបាន។
ជាលទ្ធផល៖នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០៨និង៣០នាទី លោកនាយការិយាល័យជំនាញ និងលោកអធិការ ចាត់ឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ និងជំនាញផ្នែកសញ្ញាណកម្មស្រុកមុខកំពូល អញ្ជើញម្ចាស់គណនីឈ្មោះ លឹមណា រ៉ុម ដើម្បីសាកសួរ និងពិនិត្យឯកសារ។ ក្រោយពីពិនិត្យឯកសារគាត់រួច ក្រុមការងារយើងបានធ្វើការណែនាំពីនីតិវិធីដូចខាងក្រោម៖
១- យោងតាមសេចក្តីណែនាំលេខ០០២ ស.ណ.ន របស់ក្រសួងមហាផ្ទៃ ប្រសិនបើសាម៉ីខ្លួនដែលមានសញ្ជាតិខ្មែរគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណមានសំបុត្រកំណើត (ច្បាប់ដើមឬច្បាប់ចម្លង) ក៏ប៉ុន្តែគ្មានសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ សាម៉ីខ្លួនអាចធ្វើអត្តសញ្ញាណប័ណ្ណបានដោយត្រូវធ្វើលិខិតបញ្ជាក់។
២- បើគ្មានសំបុត្រកំណើត ឬក៏មានសំបុត្រកំណើតថតចម្លងស-ខ្មៅ មិនអាចធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបានឡើយ។
៣- ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណបាន សាម៉ីខ្លួនត្រូវទៅធ្វើសេចក្តីចម្លងសំបុត្រកំណើតនៅស្រុកជីក្រែង ខេត្តសៀមរាបឬក៏ទៅធ្វើសេចក្តីចម្លងសំបុត្រកំណើតនៅនាយកដ្ឋានអត្រានុកូដ្ឋាននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម (ទីតាំងទល់មុខបុរី ប៉េងហួត បឹងស្នោរ ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ)។
បន្ទាប់ពីសមត្ថកិច្ចបានធ្វើការពន្យល់ ណែនាំបកស្រាយជូនគាត់រួចរាល់ គាត់ក៏បានយល់ហើយព្រមទៅធ្វើសេចក្តីចម្លងសំបុត្របញ្ជាក់កំណើ តនៅនាយកដ្ឋានអត្រនុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដោយពុំមានការបង្ខិតបង្ខំឡើយ។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕