ឯកឧត្តម ឃួង ស្រេង ៖ បញ្ហាលិចលង់ភូមិឋាន របស់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ជាកង្វល់របស់អាជ្ញាធររាជធានី និងមន្ទីរពាក់ព័ន្ធទាំងអស់!

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ កក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រើពេលជាង៣ម៉ោង ដោយថ្មើរជើងក្នុងការដឹកនាំមន្ត្រីជំនាញ ដូចជាអាជ្ញាធរខណ្ឌ សង្កាត់ចុះពិនិត្យមើលប្រឡាយទឹក ដើម្បីរិះរកវិធានការ រំដោះការលិចលង់ភូមិឋានរបស់ប្រជាពលរដ្ឋ ដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ។

សកម្មភាពចុះត្រួតពិនិត្យប្រឡាយនេះស្ថិតនៅខណ្ឌមានជ័យនិងខណ្ឌទួលគោក ដោយចាប់ផ្តើមចេញពីចំណុចស្ថានីយ៍បូមទឹក បឹងទំពុន ខណ្ឌមានជ័យ ដើរតាមមាត់ប្រឡាយរហូតមកដល់ប្រឡាយបឹងសាឡាង ផ្លូវ២៣០ ក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក ដោយបញ្ចប់ នៅម៉ោងប្រមាណជាង១២ថ្ងៃត្រង់។

ឯកឧត្តម ឃួង ស្រេងបានជំរុញឱ្យក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ សហការគ្នាធ្វើយ៉ាងណាស្ដារប្រឡាយបឹងទំពុន ប្រឡាយស្ទឹងមានជ័យនិងប្រឡាយបឹងសាឡាងឱ្យបាន លឿន ដើម្បីបង្ការ ក៏ដូចជាអាចរំដោះទឹកបាននារដូវវស្សានេះ ពិសេស នៅប្រមាណ៣ទៅ៤ថ្ងៃខាងមុខនេះ បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម នៅរាជធានីភ្នំពេញរបស់យើងនឹងអាចមានភ្លៀងធ្លាក់ខ្លាំង ដែលយើងត្រូវតែត្រៀមលក្ខណៈដើម្បីទប់ទល់កុំឱ្យលិច លង់ខ្លាំងដោយជំនន់ទឹកភ្លៀងនេះ។

ឯកឧត្តម បានបញ្ជាក់ថា បញ្ហាលិចលង់ភូមិឋាន របស់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ជាកង្វល់របស់អាជ្ញាធររាជធានី និងមន្ទីរពាក់ព័ន្ធ ។ ដូច្នេះទាំងអាជ្ញាធរ និងមន្ទីរជំនាញ់ពាក់ព័ន្ធទាំងអស់ ត្រូវតែរួមគ្នារិះរកឱ្យអស់គ្រប់មធ្យោបាយធ្វើយ៉ាងណា នាំទឹកឱ្យទៅដល់ស្ថានីយបូមទឹកបានលឿន ដែលបញ្ចៀសបានការលិចលង់។

បន្ថែមពីនេះទៀត នៅ ចំពោះមុខនេះ ត្រូវស្តារ កាយប្រឡាយទឹកឱ្យហូរ បានលឿនមកស្ថានីយ៍បឹងទំពុននិងមួយផ្នែកទៀត ត្រូវស្តារនិងកាយប្រឡាយទឹកនេះ ឱ្យហូរទៅប្រឡាយបារាំង ដើម្បីធ្វើឱ្យទឹកហូរលឿនទៅដល់ស្ថានីយ៍បូមទឹកលូប្រាំ ។

គួរបញ្ជាក់ថា នៅពេលនេះ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយមន្ទីរធនធានទឹកនិងឧត្តុនិយមរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាព យ៉ាងសកម្ម ក្នុងការកាយ ស្តារប្រឡាយបឹងទំពុន ក្នុងគោលបំណងធ្វើយ៉ាងណា ឱ្យទឹកហូរបានលឿន ដែលអាចរំដោះទឹកបាននៅរដូវវស្សានេះ៕

ប្រភព៖ ផេក ក្រសួងព័ត៌មាន

 

អត្ថបទដែលជាប់ទាក់ទង
Open

Close