ហាងកាហ្វេ បើកមានជល់ អនឡាញ ត្រូវសមត្ថកិច្ចបង្ក្រាបហើយ!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លេីយតបជូនសាធារណជន ទៅនឹងគេហទំព័រ សារព័ត៌មាន​ មួយ​ ដែលបានចុះផ្សាយ​ មានចំណងជេីងថា៖​ បើកដំណើរការវិញហើយ ហាងកាហ្វេបង្កប់ល្បែងស៊ីសងខុសច្បាប់ សូមសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបសារជាថ្មីម្ដងទៀតផង​ នៅភូមិខ្លាកូន​ ឃុំពេីក​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម​ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកវរសេនីយ៍ឯក​ មាន​ សំណាង​ អធិការនគរបាលស្រុកអង្គស្នួល​ ស្រាវជ្រាវបង្រ្កាបករណីខាងលើ។ បន្ទាប់មកលោកអធិការ បានបញ្ជាកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពើក ស្រាវជ្រាវបង្រ្កាបទីតាំងនោះ ជាលទ្ធផល៖

កិច្ចប្រតិបត្តិការបង្ក្រាបទីតាំង លេងល្បែងសុីសងខុសច្បាប់ (ជល់មាន់តាមកញ្ចក់ទូរទស្សន៍) កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៥ និង៣០នាទី ចំណុចផ្ទះឈ្មោះ ឃុំ ម៉ិច នៅភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យ មានចំនួន ៤នាក់

ទី១-ឈ្មោះ បាត់ សុខន ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក លក់​មាន់ជល់តាមទូរទស្សន៍អនឡាញ នៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ទី២-ឈ្មោះ ភន រ័ត្ន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិកណ្ដាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកចាក់)។
ទី៣-ឈ្មោះ ជាម ខាន់ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិកណ្ដាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកចាក់)។
ទី ៤-ឈ្មោះ ហាន ឌីម៉ង់ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

វត្ថុតាងចាប់យករួមមាន៖
១-ទូរទស្សន៍ សម្រាប់ចាក់បញ្ចាំងមាន់ជល់តាមប្រព័ន្ធអនឡាញ ០១គ្រឿង។
២-គ្រឿងម៉ាស៊ីនកុំព្យូទ័រ សម្រាប់បញ្ជាការឡាយមាន់ជល់ ០១ឈុត។

ចំពោះទីតាំងផ្ទះរបស់ឈ្មោះ ឃុំ ម៉ិច សមត្ថកិច្ចជំនាញស្រុក និងប៉ុស្ដិ៍ពើក ធ្លាប់បានចុះបង្ក្រាបកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២២ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកណ្ដាលរួចរាល់ម្ដងមកហើយ។

តាមចម្លើយសារភាពរបស់ឈ្មោះ បាត់ សុខន បានសារភាពថាខ្លួនចូលធ្វើជាបុគ្គលិកឡាយមាន់ជល់តាមកញ្ចក់ទូរទស្សន៍ អនឡាញ នេះបានរយៈពេល០៦ថ្ងៃមកហើយ នៅទីតាំងខាងលើនេះ។ ចំណែកបក្ខពួកដែលសមត្ថកិច្ចបានឃាត់ខ្លួនមកជាមួយគ្នានេះជាអ្នកចាក់ការឡាយជល់មាន់។

ករណីខាងលើនេះ​ ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា​អមសាលាដំបូងខេត្តកណ្តាល​ អនុញ្ញាតឱ្យសមត្ថកិច្ចធ្វេីកិច្ចសន្យាអប់រំជនសង្ស័យ​ នៅត្រឹមអធិការដ្ឋាននគរបាលស្រុក។

អាស្រ័យហេតុនេះ​ សូមសាធារណជនដែលប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គម​ មេត្តាជ្រាប​ជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close