ប្រជុំត្រួតពិនិត្យ និងសម្របសម្រួលដោះស្រាយ បញ្ហាទំនាស់ដីធ្លី ដ៏រ៉ាំរ៉ៃ រវាងប្រជាពលរដ្ឋនៅឃុំថ្មដា ពាក់ព័ន្ធជាមួយតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេស MDS

ខេត្តពោធិ៍សាត់ ៖ លោក ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងសម្របសម្រួលដោះស្រាយបញ្ហាទំនាស់ដីធ្លី ដែលកើតមានដ៏រ៉ាំរ៉ៃ រវាងប្រជាពលរដ្ឋនៅឃុំថ្មដា ដែលមានការពាក់ព័ន្ធជាមួយតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេស MDS ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង សាលាឃុំថ្មដា ដោយបានការចូលរួមពី ឯកឧត្តម ទី ថានី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជយួមូលដ្ឋានស្រុកវាលវែង, លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយឃុំថ្មដា អាជ្ញាធរស្រុក និងក្រុមប្រឹក្សាឃុំ មេភូមិ ដែលមានការពាក់ព័ន្ធផ្សេងទៀត។
បន្ទាប់ពីលោក ចេង ឡៃ អភិបាលខេត្តស្ដីទី និងជាប្រធានអង្គប្រជុំ បានជម្រាបជូនអំពីគោលបំណងសំខាន់ៗ ដើម្បីឱ្យអាជ្ញាធរភូមិ ឃុំ លើកពីបញ្ហាប្រឈម រួមគ្នារដោះស្រាយបញ្ចប់នោះរួចមក, លោក ព្រំ ង៉ុន មេឃុំថ្មដា បានលើកឡើងថា បច្ចុប្បន្ននេះករណីវិវាទដីធ្លីធំៗ គឺនៅសេសសល់ ចំនួន០២ករណី រួមមាន៖
-ករណីទី១៖ ពាក់ព័ន្ធនឹងប្រជាពលរដ្ឋ ចំនួន២៣គ្រួសារ ដែលមានទំនាស់ជាមួយតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសMDS ហើយកន្លងមក ក្រុមការងារថ្នាក់ខេត្ត បានចុះសម្របសម្រួលដោះស្រាយ ដោយយកដី ស.ជ.ណ ដែលបានរាវមីនរួច នៅចំណុចអូរកងឈ្លប ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ដើម្បីរៀបចំផ្តល់ជូនពួកគាត់ ហើយគ្រួសារមួយចំនួន ក៏បានទទួលយក និងគ្រួសារ មួយចំនួនទៀតក៏នៅរឹងទទឹងមិនព្រមទទួលយក។ គ្រួសារដែលព្រមទទួលយក មានចំនួន០៩គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានដីក្បាល៥០ម៉ែត្រ បណ្តោយ១០០ម៉ែត្រ ហើយបច្ចុប្បន្នពួកគាត់កំពុងទាមទារបន្ថែមទៀត ដែលជាដីកសិកម្ម ក្នុងមួយគ្រួសារៗ ១ហិកតាកន្លះ។ ដោយឡែកគ្រួសារដែលទទួលយកថវិកាមានចំនួន០៤គ្រួសារ។ រីឯគ្រួសារមិនព្រមទទួលយកការដោះស្រាយ គឺនៅសេសសល់ ចំនួន១០គ្រួសារ។

លោកប្រធានក្រុមប្រឹក្សាឃុំថ្មដា បន្ថែមថា ករណីទី២៖ ប្រជាពលរដ្ឋ ចំនួន១១គ្រួសារ ដែលមានដីចំណុចអូរឬស្សី ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ក៏កំពុងទាមទារដីផងដែរ ដោយកន្លងមកក្រុមការងារថ្នាក់ខេត្ត បានកាត់ដីពួកគាត់ឱ្យទៅក្រុមហ៊ុនMDS ដោយសំអាងថា ជាដីប្លង់រឹងរបស់សាលាខេត្ត ហើយពេលដោះស្រាយ គឺប្រជាពលរដ្ឋបានទទួលសំណងថ្លៃដំណាំ ក៏ប៉ុន្តែពួកគាត់មិនទាន់ទទួលបានដីថ្នូរដែលសន្យាថា ឱ្យពួកគាត់ម្នាក់ៗ ទទួលបានក្បាលទំហំ៥០ម៉ែត្រ បណ្តោយ១០០ម៉ែត្រ។ ហើយបច្ចុប្បន្នពួកគាត់ដាក់បន្ទុកមកលើឃុំឱ្យជួយដោះស្រាយដីរបស់ពួកគាត់។

ឆ្លងកាត់ការរាយការណ៍ និងពិភាក្សារកចំណុចប្រសព្វរយៈពេលជាង២ម៉ោង លោក ចេង ឡៃ អភិបាលខេត្តស្តីទី បានណែនាំឱ្យភូមិ ឃុំ និងស្បៀន ចុះពិនិត្យទីតាំងដី ស.ជ.ណ ដែលបានបែងចែកកន្លងមក និងធ្វើរបាយការណ៍មកខេត្តឱ្យបានច្បាស់លាស់។
ចំពោះករណីប្រជាពលរដ្ឋ ចំនួន១១គ្រួសារ ដែលមានដី និងដំណាំលើដីសាលាខេត្តកន្លងមក ដោយប្រជាពលរដ្ឋ មិនទាន់ទទួលបានដី ចំនួនកន្លះហិកតានៅឡើយ នឹងទទួលបានការដោះស្រាយដីសម្បទាន ពីឧត្តមសេនីយ៍ឯក សុខ ហេង ដោយក្នុងមួយគ្រួសារៗ ទទួលបានដីកន្លះហិកតា។

ទាន់ទឹងនឹងករណីស្នើសុំការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរួមមាន សាលារៀន អន្ទេវាសិកដ្ឋាន បណ្ណាល័យ សាលប្រជុំ តារាងបាល់ទាត់ បាល់ទះ… ដែលជាដីបម្រុងទុករបស់ឃុំ គឺលោកស្នើសុំឱ្យភូមិ ឃុំ និងជំនាញពាក់ព័ន្ធ សហការគ្នាចុះពិនិត្យ និងវាយតម្លៃឱ្យបានច្បាស់លាស់ ជៀងវាងប៉ះពាល់ជាមួយជំនាញ ព្រោះការស្នើសុំដីនេះ ត្រូវសិក្សាឱ្យបានម៉ត់ហ្មត់ និងអនុញ្ញាតឱ្យជំនាញកសាងផែនទីទីតាំងដី ដើម្បីលើកសំណើទៅរាជរដ្ឋាភិបាល ក្នុងគោលដៅសម្បទានដីសង្គមកិច្ច សម្រាប់ជាប្រយោជន៍ប្រជាពលរដ្ឋ ក៏ដូចជាធ្វើជាសសរគ្រឹះការពារបូរណភាពទឹកដី នៅតំបន់ព្រំដែន កម្ពុជា-ថៃ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close