ដុតកម្ទេច គ្រឿងញៀន ជាង ១០,៨៩៣.៥៩ គីឡូ! 

សៀមរាប ៖ នាព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានអញ្ជេីញចូលរួមពិធីដុតកម្ទេចគ្រឿងញៀនប្រមានជាង ១០,៨៩៣.៥៩គីឡូក្រាម ដែលប្រមូលមកពីសាលាដំបូងខេត្តសៀមរាប កំពង់ធំ និងខេត្តព្រះវិហារ ត្រូវបានធ្វើពិធីដុតបំផ្លាញ ក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២២ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តសៀមរាប និងដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងទាំង៣ និង ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព កងកម្លាំងទាំងបី អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អង្គការសង្គមស៊ីវិល លោកគ្រូ អ្នកគ្រូ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ និងសិស្សានុសិស្ស សរុប ៣០០នាក់ចូលរួម​។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងនៃស្នងការនគរបាលខេត្តសៀមរាបបានឡេីងអានមតិស្វាគមន៍ និងរបាយការណ៍សង្ខេបនៃកិច្ចសហប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងសេចក្តីរាយការណ៍របស់លោក មាស ច័ន្ទរិទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានឡើងអានរបាយការណ៍គ្រឿងញៀន ដែលបានរឹមអូសយកមករបស់សាលាដំបូងទាំង៣ខេត្តត្រូវធ្វើការដុតបំផ្លាញនាថ្ងៃនេះមានប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក(ICE) និង ប្រភេទមេតំហ្វេតាមីន (WY)។​ បន្ទាប់ពី​ លោក ពិន ប្រាកដ អភិបាលរងខេត្ត បានអាននូវសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជារួចមក ឯកឧត្ដមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងពីគោលបំណង នៃការរៀបចំទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀននេះឡើង ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់អង្គភាព និង សមាសភាពពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកក្នុងសកម្មភាពបង្ការបង្ក្រាប និងទប់ស្កាត់ បទល្មើសគ្រឿងញៀនក្នុងខេត្តទាំងបីនាពេលកន្លងមក ឲ្យទទួលបានលទ្ធផលល្អប្រសើរ ពិសេសក្នុងដំណើរការអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ទាំង៣ ដំណាក់កាល របស់រាជរដ្ឋាភិបាល។

ជាមួយនេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ ក៏បានមានប្រសាសន៍ ផ្ដាំផ្ញើដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តចាត់តាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការពង្រឹង វិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេសធ្វើឲ្យជនគ្រប់រូបចងចាំថាការដោះស្រាយបាននូងបញ្ហាគ្រឿងញៀន និង ការបង្ការកុំឲ្យមានការឆ្លងថ្មីនៃជម្ងឺកូវីដ-១៩ គឺជាកត្តាដ៏សំខាន់ក្នុងការថែរក្សាសុខភាព សុវត្ថិភាព សន្តិសុខ និងបង្កើនការអភិវឌ្ឍសម្រាប់ខ្លួនឯង គ្រួសារ សហគមន៍ និងសង្គម ជាតិទាំងមូល។ ជាក់ស្ដែងបានបន្តរឹតបន្តឹង និងលើកកម្ពស់ការទទួលខុសត្រូវ ក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវរាល់គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដែលមានការពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ និង លើកទី៦ ដែលរាជរដ្ឋាភិបាលដាក់ចេញរហូតទទួលបានលទ្ធផលគួរជាទីមោទនៈ។

ម៉្យាងទៀត គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ធ្វើការអប់រំណែនាំនិងគ្រប់គ្រងកម្លាំងក្រោមឱវាទ របស់ខ្លួនឲ្យបានតឹងរ៉ឹងកុំឲ្យមានការជាប់ពាក់ព័ន្ធ ឬ នៅពីក្រោយសកម្ម ភាពនៃបទល្មើសគ្រឿងញៀន ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និង ក្ដាប់ឲ្យបានច្បាស់លាស់នូវមុខសញ្ញាលក់ និង ចែកចាយគ្រឿងញៀន ជាពិសេសអ្នកចំណូលស្រុកមកស្នាក់នៅបណ្ដោះអាសន្ន ប្រកបមុខរបរផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន និង ត្រូវបង្ក្រាបឲ្យបានទាន់ពេលវេលាពេលមានបទល្មើសកើតឡើងនិងត្រូវបន្តពង្រឹងយន្តការត្រួតពិនិត្យឲ្យបានតឹងរ៉ឹងបំផុត ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close