ខេត្តសៀមរាប ៖ កាលពីថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានតាមរយៈហ្វេសប៊ុកផេក របស់មន្ទីរពេទ្យគន្ធបុប្ផា ថាមានករណីកុមារាម្នាក់ អាយុ ៤ ឆ្នាំ បានរងរបួសដោយសារគ្រាប់កាំភ្លើងខ្យល់ បណ្ដាលអោយគ្រាប់ចូលក្នុងសួត នៅភូមិដំរីកូន ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
យោងតាមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប លោកវរសេនីយ៍ទោ ឃីម ផល្លា អធិការ នគរបាលស្រុកសូទ្រនិគម បានដឹកនាំកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលពពេល សហការជាមួយកម្លាំងប្រជាការពារ ចុះទៅស្រាវជ្រាវនៅទីតាំងកើតហេតុ។
យោងតាមការរៀបរាប់តាមរយៈទូរសព្ទ័ដោយឈ្មោះ សន ភិរុណ អាយុ ៣០ ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា : នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៨ និង៣០នាទី ព្រឹក នៅចំណុចផ្ទះចំការ ក្នុងភូមិត្រពាំងផុង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប បានទុកកាំភ្លើងខ្យល់សម្រាប់បាញ់សត្វនៅចំការ ហើយកាំភ្លេីងខ្យល់នោះអស់ហ្គាសប៉ុន្មានថ្ងៃមកហើយ ដូច្នេះខ្លួនក៏ទុកចោលនៅក្រោមគ្រែ ។ រហូតដល់ម្សិលមិញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ខ្លួនមានធុរៈមកផ្សារដំដែក ក៏ទុកកូន ០៤ នាក់នៅផ្ទះ (អាយុ ៤ ឆ្នាំ, ៦ ឆ្នាំ, ៨ ឆ្នាំ, និង ១០ ឆ្នាំ) ដល់ម៉ោង ៨ និង៣០នាទី ព្រឹក មានបងប្អូនទូរសព្ទ័ប្រាប់ថាកូនៗ បានយកកាំភ្លើងលេងបាញ់ត្រូវកូនប្រុសពៅ។ ក្រោយទទួលដំណឹង ខ្លួនក៏ប្រញ៉ាប់មកផ្ទះវិញ ទើបដឹងថាកូនៗពិតជាបានយកកាំភ្លើងខ្យល់នោះលេង ហើយកូនប្រុសច្បងឈ្មោះ ភិរុណ ដារា អាយុ ១០ ឆ្នាំ ជាអ្នកបាញ់ត្រូវប្អូនប្រុសពៅ អាយុ ៤ ឆ្នាំ ។ ភ្លាមៗនោះ ខ្លួន និងក្រុមគ្រួសារបានរៀបចំបញ្ជូនកូនទៅមន្ទីរពេទ្យគន្ធបុប្ផា ដោយមិនបានរាយការណ៍ជូនសមត្ថកិច្ចណាឡើយ ។ ហើយក៏បានយកកាំភ្លើងខ្យល់កែច្នៃនោះទៅដុតបំផ្លាញចោលនៅគំនរសំរាមក្បែរផ្ទះតែម្ដង ។
ក្រុមការងារយើងបានចុះទៅដល់ទីតាំងកើតហេតុ តែក្រុមគ្រួសាររងគ្រោះមិនបាននៅទីនោះទេ ដោយជាប់មើលថែកូនរងរបួសនៅមន្ទីរពេទ្យគន្ធបុប្ផា ។ ហើយឈ្មោះ សន ភិរុណ ត្រូវជាឪពុកជនរងគ្រោះបានអះអាងថា នឹងមកជួបសមត្ថកិច្ចយើងធ្វើតាមនីតិវិធី បន្ទាប់ពីកូនចេញពីមន្ទីរពេទ្យ ។
ក្រោយពីមានការធានាពីសាច់ញាតិ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការឯកភាពពីលោកស្នងការ ទេីបសមត្ថកិច្ចបានសម្រេចធ្វើការអប់រំ និងធ្វើកិច្ចសន្យាមុនអនុញ្ញាតឲ្យឪពុកក្មេងរងគ្រោះត្រឡប់ទៅគេហដ្ឋានវិញ ៕