ខេត្តតាកែវ៖ ជនសង្ស័យកាច់ក ម៉ូតូម្នាក់ ត្រូវបាន ប្រជាពលរដ្ឋ នឹងសមត្ថកិច្ច នាំគ្នាដេញចាប់ ខណៈរូបគេ បានធ្វើសកម្មភាព លួចម៉ូតូ មួយគ្រឿងនៅក្នុងវត្ត ពេលដែល ម្ចាស់កំពុងតែរវល់យកចង្ហាន់ប្រគេនព្រះ សង្ឃ។
ហេតុការនេះ បានកើតឡើង នៅវេលាម៉ោង ៧និង០០នាទី ព្រឹកថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២២ នៅចំណុចធាតុត្រពាំងខឹង ស្ថិតក្នុងភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ស៊ឹម សៅ ភេទប្រុស អាយុ ៣៩ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងស្វាយឃុំតាភេម ស្រុកត្រាំកក់ បច្ចុប្បន្នរស់នៅភូមិអណ្ដូង៦ សង្កាត់គោករកា ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ បានធ្វើសកម្មភាពលួចយកម៉ូតូ ១គ្រឿងម៉ាក សេ ១២៥ ពណ៌ខ្មៅសេរី ២០១៤ គ្មានផ្លាក លេខ របស់ឈ្មោះ ឃឹម សាម៉ី ភេទស្រី អាយុ៤៨ឆ្នាំនៅភូមិតាភេម ឃុំតាភេម ស្រុកត្រាំកក់ខេត្តតាកែវ។
បើតាមការបញ្ជាក់ឲ្យដឹងពីម្ចាស់ម៉ូតូ ឲ្យដឹងថា នៅពេលដែលរូបគាត់ជិះម៉ូតូទៅបញ្ឈរទុក រួចយកចង្ហាន់ប្រគេនព្រះសង្ឃ ពេលនោះ ជនសង្ស័យបានធ្វើសកម្មភាព ហើយជនរង គ្រោះនិងអ្នកនៅទីនោះបានឃើញទាន់ក៏ប្ដឹងរាយការណ៍ជូនសមត្តកិច្ចភ្លាមៗ ហើយនាំគ្នាជិះម៉ូតូដេញតាមលុះមកដល់លើផ្លូវលំស្ថិតក្នុងភូមិត្រពាំងកប្បាស ឃុំតាភេម កូនជនរងគ្រោះតាមទាន់ក៏ធាក់ម៉ូតូជនសង្ស័យផ្ដួល ពេលនោះសមត្ថកិច្ចក៏ឃាត់ជន សង្ស័យនិងម៉ូតូបានមកវិញផងដែរ។
បច្ចុប្បន្ន សមត្ថកិច្ច កំពុងតែសាកសួរនឹងកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ៖ បងខន