យុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យ កសិឧស្សាហកម្ម នៅក្នុងស្រុកបន្ទាយស្រី

ខេត្តសៀមរាប៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ លោកជំទាវ ស៉ិន ណម សមជិកក្រុមប្រឹក្សាខេត្ត លោកស្រី យូ សុភា អភិបាលរងខេត្តតំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានអមដំណើរលោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្ម នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តម លោកស្រី លោក អភិបាលរងអភិបាលខេត្តសៀមរាប មន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប មន្ទីរពាក់ព័ន្ធ អង្គការដៃគូជាតិ អន្តរជាតិ អជ្ញាធរមូលដ្ឋាន ស្រុក ឃុំ តំណាង ឬម្ចាស់សិប្បកម្ម និងចំការកសិឧស្សាហកម្ម និងក្មួយៗសិស្សានុសិស្សប្រមាណជិត៣០០នាក់ផងដែរ។

លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៏ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការលុបបំបាត់ពលកម្មកុមារ ជាការងារអាទិភាព ក្នុងនោះ តាំងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយផ្តោតលើអាទិភាពចំនួន ៥ រួមមាន៖១. ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។ ២. ការអភិវឌ្ឍន៍ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ។ ៣. ការអភិវឌ្ឍន៍មុខរបរ និងការងារ។ ៤.ការអភិវឌ្ឍន៍របបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយណាដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ។ ៥. ការពង្រឹងអភិបាលកិច្ចល្អ ដោយសំដៅធ្វើឱ្យប្រសើរឡើងនូវការធានាលក្ខខណ្ឌការងារ បង្កើនឱកាសការងារ បង្កើតបរិយាកាសការងារ ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និង ពង្រឹងការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យសមស្របទៅតាមតម្រូវការទីផ្សារការងារ រួមទាំងការទទួល បាននូវអត្ថប្រយោជន៍ពី កិច្ចគាំពារសង្គមប្រកបដោយសមភាព និងដោយគ្មានការរើសអើង ដើម្បី ចូលរួមចំណែកដល់ការកាត់បន្ថយ ភាពក្រីក្រ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ជាតិប្រកបដោយចីរភាព។

លោកជំទាវ បានបន្តថា ចំពោះយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និង វិស័យកសិឧស្សាហកម្ម ដែលត្រូវបានរៀបចំឡើងនៅពេលនេះ មានគោលបំណងចំនួន ៣ គឺ៖១. ផ្តល់ការណែនាំដល់មន្ត្រីអធិការកិច្ចការងារ និងសមត្ថកិច្ចពាក់ព័ន្ធដែលទទួលសិទ្ធជា នគរបាល យុត្តិធម៌ ធ្វើអន្តរាគមន៍ក្នុងការដកហូត ទប់ស្កាត់ សមាហរណកម្មកុមាររងគ្រោះ និងកុមារ ងាយរងគ្រោះនៅ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្ម។ ២. បង្កើនការយល់ដឹង និងលើកកម្ពស់យុទ្ធនាការប្រឆាំងពលកម្មកុមារ ការលាតត្រដាងអំពី មូលហេតុ និងផលប៉ះពាល់នៃពលកម្មកុមារ គោលនយោបាយ និងបទដ្ឋានគតិយុត្ត និង វិធានការ នានា ដើម្បីប្រឆាំងពលកម្មកុមារនៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្ម។ ៣. ផ្តល់ប្រតិភូកម្មដល់ផ្នែកអធិការកិច្ចការងារ យន្តការទប់ស្កាត់ បង្រ្កាបបទល្មើស និងប្រព័ន្ធ ត្រួតពិនិត្យ តាមដាន ពលកម្មកុមារនៅកន្លែងរបស់កុមារ (សិប្បកម្មផលិតឥដ្ឋ) នៅសាលារៀន និង នៅតាមសហគមន៍ដែលកុមារ និងក្រុមគ្រួសាររបស់ពួកគេរស់នៅ ជូនស្ថាប័នថ្នាក់ក្រោមជាតិបន្តអនុវត្ត។

ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ផងដែរថា ដើម្បីចូលរួមទប់ស្កាត់ការ ប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងការងារដោយបង្ខំក្រសួងបានកំណត់នូវចង្កោម សកម្មភាព អាទិភាពដូចជាខាងការកសាងសមត្ថភាពមន្ត្រីអធិការកិច្ចការងារ ស្តីពីការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុតនៃ ពលកម្មកុមារ និងការងារដោយបង្ខំ និងការពង្រឹងយន្តការប្រឆាំងពលកម្មកុមារ និងការងារដោយបង្ខំ ជាពិសេសលើវិស័យ មុខរបរ និងភូមិសាស្ត្រដែលមានហានិភ័យខ្ពស់ យើងត្រូវពង្រឹងកិច្ចអន្តរាគមន៍ស្នូលដើម្បីសង្គ្រោះពលកម្មកុមារ និងការហាមឃាត់ការងារដោយបង្ខំ ជាពិសេស នៅផ្នែកសិប្បកម្មផលិតឥដ្ឋ សំណង់ និងកសិឧស្សាហកម្ម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធក្នុងការទប់ស្កាត់ការប្រើប្រាស់ ទម្រង់ធ្ងន់ធ្ងរបំផុតនសពលកម្មកុមារ និងការងារបង្ខំ នឹងពង្រីកការផ្សព្វផ្សាយ និងធ្វើយុទ្ធនាការប្រឆាំងការប្រើប្រាស់គ្រប់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងការងារដោយបង្ខំ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close