សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤កក្កដា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានទទួលមរណភាពកាលពីវេលាម៉ោង ១១និង៥០នាទី ថ្ងៃ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនិងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ៩៨ឆ្នាំ ដោយជរាពាធ ដល់គេហដ្ឋានតម្កល់សព ស្ថិតនៅបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានអុជធៀបនៅពីមុខមជ្ឈូសតម្កល់សព និងបានលំឱនកាយវាចាចិត្តគោរពចំពោះវិញ្ញាណក្ខសព ឯកឧត្តម អ៊ឹង គៀត ដែលបាមនទទួលមរណភាពលាចាកលោកយើងនេះទៅកាន់លោកខាងមុខ ក្នុងជន្មាយុ៩៨ឆ្នាំ ដោយជរាពាធ។ សូមបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីទទួលបាននូវដំណឹងដ៏ក្រៀមក្រំបំផុតនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងនាមក្រុមគ្រួសារ បានផ្ញើនូវសាររំលែកទុក្ខរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនក្រុមគ្រួសារនៃសព ឯកឧត្តម អ៊ឹង គៀត។
សារលិខិតរំលែកទុក្ខរបស់សម្តេចតេជោបានគូសបញ្ជាក់ថា ខ្ញុំនិងភរិយា មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តម អ៊ឹង គៀត ត្រូវជាស្វាមី បានទទួលមរណភាព។ ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំនិងភរិយា សូមសំដែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ ជាមួយលោកជំទាវ និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ស្វាមី ឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាទួត ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ ចំពោះភរិយា កូនៗ ចៅៗ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់។
មរណភាពរបស់ឯកឧត្តម អ៊ឹង គៀត ជាការបាត់បង់នូវធនធានមនុស្សដ៏ឆ្នើមមួយរូប ពោរពេញដោយចំណេះដឹង វិជ្ជាជីវៈ និងជាឥស្សរជនមានស្នាដៃ គុណបំណាច់ដែលបានតស៊ូ លះបង់កម្លាំងកាយចិត្ត ធានធាន និងបញ្ញាស្មារតី បម្រើដល់ឧត្តមប្រយោជន៍ជាតិ មាតុភូមិ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធឯកឧត្តម កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លាងឃ្លាតឡើយ៕
អត្ថបទដែលជាប់ទាក់ទង
Open

Close