ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ គិតត្រឹមម៉ោង៥ និង០០ល្ងាច នេះ មានកម្ពស់ ៥.២៥ ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៥ម៉ែត្រ)!
ខេត្តពោធិ៍សាត់ ៖ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ គិតត្រឹមម៉ោង៥ និង០០ល្ងាច នេះ មានកម្ពស់៥.២៥ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់៤.១៩ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៦ម) និងស្ទឹងវាលវែង មានកម្ពស់១.៨០ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៩ម)។
ការតាមដានអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមកន្លងមក ឃើញថាព្រះរាជាណាចក្រកម្ពុជាបាន នឹងកំពុងទទួលឥទ្ធិពលជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៥ ដល់១៩ ខែ កក្កដា ឆ្នាំ២០២២ ឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងក្នុងកម្រិតពីខ្សោយទៅមធ្យម។ តាមស្ថានភាពអាកាសធាតុនេះ បណ្តាលឱ្យមានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ ស្ទឹងព្រៃខ្លុង និងស្ទឹងធំ មានកំរិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់។
យោងតាមស្ថានភាពអាកាសធាតុខាងលើ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបជូនដំណឹង ដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជន្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន៕
ប្រភព៖ Pursat Provincial Hall