ខេត្តពោធិ៍សាត់៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នា រយះពេល៤ ទៅ៥ថ្ងៃ នៅតំបន់ជួរក្រវាញ ស្ទឹងអារ៉ៃ ស្ទឹងព្រៃខ្លុង និងស្ទឹងធំ បានធ្វើឱ្យទឹកស្ទឹងពោធិ៍សាត់ហក់ឡើងខ្លាំង ជាក់ស្តែងនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ លោក ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទឹកជំនន់ ចាប់ពីកោះសំពៅមាស រហូតដល់ឃុំស្យាស្រុកកណ្តៀង ដើម្បីមានវិធានការទប់ស្តាត់ ប្រសិនបើទឹកនៅតែបន្តជន់ទៀតនោះ។
បើតាមសេចក្តីជូនដំណឹង មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ការតាមដានអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមកន្លងមក ឃើញថាព្រះរាជាណាចក្រកម្ពុជាបាន នឹងកំពុងទទួលឥទ្ធិពលជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៥ ដល់១៩ ខែ កក្កដា ឆ្នាំ២០២២ ឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងក្នុងកម្រិតពីខ្សោយទៅមធ្យម។ តាមស្ថានភាពអាកាសធាតុនេះ បណ្តាលឱ្យមានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ ស្ទឹងព្រៃខ្លុង និងស្ទឹងធំ មានកំរិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់។
យោងតាមស្ថានភាពអាកាសធាតុខាងលើ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបជូនដំណឹង ដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជន្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ។